អាមេរិក ៖ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកបានអះអាងថា មូលដ្ឋានទ័ពចំនួនពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានវត្តមានកងទ័ពអាមេរិកនៅទីនោះបានរងការវាយប្រហារដោយគ្រាប់មីស៊ីលអ៊ីរ៉ង់រាប់សិបគ្រាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់បានអះអាងថា ក្នុងចំណោមការវាយប្រហារមូលដ្ឋានទ័ពពីរទីទាំង នៅក្នុងទីក្រុង អេប្រីល (Ebril) នោះ គឺមានមូលដ្ឋានទ័ពអាកាសមួយឈ្មោះ អេនអាល់អាស្សាដ (Ain al-Asad) បានទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនជាង១០គ្រាប់ និងបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន តែមិនទាន់មានការបញ្ជាក់អំពីចំនួនច្បាស់លាស់នោះឡើយ។
មន្ទីរបញ្ចកោណអាមេរិក និងមេបញ្ជាការទ័ពប្រចាំប្រទេសអ៊ីរ៉ាក់ កំពុងតែធ្វើការត្រួតពិនិត្យ លើចំនួនការខូចខាតជារួមនៅឡើយ។ ក្រសួងការពារជាតិអាមេរិក ក៏ធ្លាប់បានអះអាងផងដែរថា មូលដ្ឋានទ័ពខាងលើនេះ គឺសុទ្ធតែស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ និងបានប្រាប់យោធាទីនោះឲ្យប្រុងជើងការកម្រិតខ្ពស់ រួចទៅហើយកាលពីប៉ុន្មានថ្ងៃមុននេះ៕