យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅជិតក្រុងតេហេរ៉ង់ស្លាប់១៧៦នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

តេហេរ៉ង់ ៖ សារព័ត៌មាន Aljazeera ចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា មនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ គ្មាននរណាម្នាក់នៅរស់នោះឡើយ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយថា មនុស្សទាំងអស់ដែលជិះនៅលើយន្តហោះមានសរុបចំនួន១៧៦នាក់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ)។ យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ កាលពីប៉ុន្មានម៉ោងមុននេះ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង។

បើតាមអាជ្ញាធរបានបញ្ជាក់ថា យន្តហោះខាងលើ គ្រោងហោះចេញពីអាកាសយានដ្ឋានអ៊ីរ៉ង់ នៅវេលាម៉ោង ៥ និង១៥នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) ប៉ុន្តែត្រូវបានពន្យារពេល១ម៉ោងរហូតដល់ម៉ោង ៦៖១២នាទីទើបហោះចេញ ដោយមានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល (Boryspil) នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន៕