ទឹកស្ទឹងមង្គលបូរី អាចធានាការប្រើប្រាស់បានតែក្នុងរយៈពេល០៣ថ្ងៃទៀតប៉ុណ្ណោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ លោក ចាន់​ យុត្ថា​ រដ្ឋលេខាធិការក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​មុខ​ព្រួញ​ខេត្ត​បាត់ដំបង​ ខេត្តបន្ទាយ​មានជ័យ​ និង​ខេត្តឧត្តរមានជ័យបានឲ្យដឹងថា យោងតាមការពិនិត្យជាក់ស្ដែង ប្រភពទឹកនៅស្ទឹងមង្គលបូរី អាចធានាការប្រើប្រាស់បានតែក្នុងរយៈពេល០៣ ថ្ងៃទៀតប៉ុណ្ណោះ។

ការបញ្ជាក់របស់លោករដ្ឋលេខាធិការបែបនេះក្នុងឱកាសអញ្ជើញចុះចុះ​ពិនិត្យ​ និង​អន្តរាគមន៍​បូមទឹក​សង្រ្គោះ​ស្រូវ​ប្រាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​រសៀលថ្ងៃពុធ​ ១៤កើត​ ខែ​បុស្ស​ ឆ្នាំកុរ​ ឯក​ស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ​២០២០នេះ។ លោកថា គឺដោយហេតុថា ស្រុកមង្គលបុរីមានការដាំដុះស្រូវប្រាំងរហូតដល់ទៅជិត៨ ម៉ឺនហិកតា ( ផែនការខេត្ត៧ពាន់ហិកតា ) ក្នុងនោះមានការដាំដុះស្រូវប្រាំងលើកទី១ ជាង៥ម៉ឺនហិកតា និងស្រូវប្រាំងលើកទី២ ជាង២ម៉ឺនហិកតា។

​លោករដ្ឋលេខាធិការ​សង្កត់ធ្ងន់ថា ចំពោះមុខបញ្ហានេះ លោកបានដឹកនាំក្រុមការងារបង្វែរទឹកពីប្រភពផ្សេងមកកាន់ស្រុក ដោយដំឡើងស្ថានីយបូមទឹកចេញពីស្ទឹងសិរីសោភណ្ឌ ទម្លាក់ចូលប្រឡាយមេឲ្យហូរចូលទៅក្នុងស្ទឹងមង្គលបុរី។ ទន្ទឹមនេះលោករដ្ឋលេខាធិការក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមកុំធ្វើការដាំដុះស្រូវប្រាំងបន្ថែមទៀត ព្រោះទឹកដែលបង្វែរទៅនេះ គឺអាចឆ្លើយតបតែទៅលើការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ក្នុងការប្រើប្រាស់ទៀតសោត ក៏ត្រូវចូលរួមសន្សំសំចៃ ព្រោះរដូវ​ប្រាំង នៅសល់រយៈពេលវែងទៀត៕