រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធខួបលើកទី៤១ ទិវាជ័យជម្នះ៧មករា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2020 ក+ ក-

ដោយ : ក. ប៊ុនហេង
ខេត្តព្រេះវិហារ : លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា អ្នកប្រឆាំងស្មារតី៧មករា ជាអ្នកស្រលាញ់របបប្រល័យពូជសាសន៍ និងជាអ្នកប្រឆាំងដំណើរការលូតលាស់របស់ជាតិ។ លោកថ្លែងបែបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២0 ក្នុងឱកាសប្រារព្ធខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយក្រុមប្រល័យពូជសាសន៍ដ៏សែនឃោរឃៅនោះ។

លោកបានលើកឡើងថា អ្នកប្រឆាំងស្មារតី៧មករា ជាអ្នកស្រលាញ់របបប្រល័យពូជសាសន៍ និងជាអ្នកប្រឆាំងដំណើរការលូតលាស់របស់ជាតិ បានបញ្ជាក់ថា ៖ «ស្មារតី៧មករា បានផ្តល់នូវមេរៀន និងបទពិសោធន៏ ដ៏មានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។

ស្មារតី៧មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត បានក្លាយជាបញ្ហាក្នុងប្រវត្តិសាស្រ្តទៅហើយ ដូច្នេះអ្នកដែលប្រឆាំង និងស្មារតី៧មករា គឺជាអ្នកស្រលាញ់ របបប្រល័យពូជសាសន៍ ជាអ្នកប្រឈមនឹងដំណើរការលូតលាស់របស់ប្រទេសជាតិ»។

លោកបន្តថា ស្មារតី៧មករា នៅស្ថិតស្ថិរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចអនាគតយូរអង្វែង ប្រៀបដូចជាប្រទីបបំភ្លឺផ្លូវដែលនាំពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ដូចនេះ បើគ្មានថ្ងៃ៧មករាទេនោះ ក៏យើងគ្មានថ្ងៃនេះដែរ។

លោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានលើកឡើង ថា ស្មារតីសាមគ្គីសង្រ្គោះជាតិ របស់គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះជាតិ រំដោះប្រជាជនខ្មែរទាំងអស់ ឲ្យរួចផុតពីរណ្ដៅនរកនៃរបបអាវខ្មៅ ប៉ុល ពត ដ៏សាហាវយង់ឃ្នង កាប់សម្លាប់ប្រជាជនស្លូតត្រង់ សម្លាប់អ្នកចេះដឹងខ្មែរចោលស្ទើរទាំងអស់ ដែលនេះជាសោកនាដកម្មដ៏សែនខ្លោចផ្សារ។ បើគង់តែបានការតស៊ូរំដោះ របស់គណបក្សប្រជាជនទេនោះ ម្លោះប្រជាជាតិ ប្រជាជានជនច្បាស់ជាវីវរ មានទុក្ខធ្ងន់កាន់តែខ្លាំងឡើងមិនខាន។

លោកបញ្ជាក់ថា បន្ទាប់ពីទទួលជ័យជម្នះរួចមក ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់សន្តិភាព ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ឃើញថាស្រុកទេសមានការផ្លាស់ប្ដូរមុខមាត់គួរឲ្យភ្ញាក់ផ្អើល មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ សាលារៀន វត្តអារាម វិហារសាសនាឥស្លាម សាសនាគ្រិស្ត អគារខ្ពស់ៗ ប្រព័ន្ធធារាសាស្ត្រកាន់តែទំនើប ប្រជាពលរដ្ឋមានជីវភាពធូរធារ មានមធ្យោបាយ និងសម្ភារទំនើបៗប្រើប្រាស់ និងមានសេដ្ឋកិច្ចហក់លោតខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបញ្ជាក់ថា កាលពី៤១ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជា គ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេស ចេរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេស មានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍនរីកចម្រើន និងបានសាងកិត្យានុភាព លើឆាកអន្តរជាតិសារជាថ្មីផងដែរ៕