វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដប្រជា ជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីប្រឈមមុខដាក់គ្នាដ៏តានតឹងអស់រយៈពេលជាច្រើនថ្ងៃ។ បើតាមលិខិតមួយច្បាប់ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។
ក្នុងលិខិតមួយផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Kelly Craft ក៏បានបញ្ជាក់ផងដែរថា ការសម្លាប់លោក Qasem Soleimani គឺជាសកម្មភាពការពារខ្លួនសុទ្ធសាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ផែនការវាយប្រហារមកលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់ ដឹកនាំដោយមេទ័ពអ៊ីរ៉ង់រូបនេះ។
លិខិតនេះដដែលបន្ថែមទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដជាជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌ ជាមួយវត្ថុបំណងបង្កាការបំផ្លិចបំផ្លាញសន្តិសុខ និងសន្តិភាពអន្តរជាតិ ឬក៏ការបង្កជម្លោះណាមួយពីសំណាក់របស់ដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការបន្ថែម ក្នុងករណីចាំបាច់សំដៅការពារផលប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងបុគ្គលិក ឬពលរដ្ឋអាមេរិកទាំងអស់។
យ៉ាងណាក៏ដោយភាគីអ៊ីរ៉ង់ នៅមិនទាន់មានការឆ្លើយតបចំពោះការត្រៀមរបស់អាមេរិកនេះទេ។
សូមជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងរឹងតែខ្លាំងកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលជាង ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក អេន អាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អ៊ឺប្រ៊ីល (Erbil) នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីសប្ដាហ៍មុន៕