កម្ពុជាធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ»
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ កម្ពុជាបានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19) ក្រោមប្រធានបទ «ការសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងលំហាត់សមយុទ្ធប្រចាំឆ្នាំនេះ មានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមមានទាំងយន្តហោះ រថយន្តអគ្គិភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា យោងអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ តម្រូវឲ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុង និងជុំវិញបរិវេនអាកាសយានដ្ឋាន៕