ខេត្តកណ្ដាល ៖ ក្រុមគ្រូពេទ្យភ្នែកកម្ពុជាសហការជាមួយលោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចុះមកពិនិត្យព្យាបាលភ្នែកនិងកាត់វ៉ែនតាជូនប្រជាពលរដ្ឋ៥០០នាក់មកពី៥ឃុំនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដោយឥតគិតថ្លៃ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅទីតាំងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោក សេង ស៊ីណារិន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តអាចធ្វើការងារប្រកបរបរចិញ្ចឹមជីវិតនិងដើរកំសាន្តបានគ្រប់ទីកន្លែង។ សន្តិភាពមានតម្លៃធំធេងណាស់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពដែលមានសព្វថ្ងៃនេះឱ្យបានគង់វង្ស។
នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងប្រជាពលរដ្ឋទាំង៥ឃុំ ឯកឧត្ដម សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យភ្នែកកម្ពុជាដែលបានមកពិនិត្យភ្នែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋជា មួយរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃបានសំដែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យភ្នែកកម្ពុជានិងក្រុមការងារចុះជួយឃុំអំពៅព្រៃដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខសុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំគ្រប់កាលៈទេសៈ។
សូមរំលឹកថាចាប់តាំងពី លោក សេង ស៊ីណារិន ចុះមកជួយឃុំអំពៅព្រៃបានកសាងសមិទ្ធផលជាច្រើនដែលបំរើផលប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានមានដូចជាប្រឡាយទឹក៣ខ្សែប្រវែង១០គម របងសាលាប្រវែង ២៧៥ម មណ្ឌលសុខភាព១កន្លែង អគារកាត់ដេរនិងរបងស្ពាន លូស្ទាក់ទឹក៥កន្លែង លែងកូនត្រីចូលក្នុងប្រឡាយជាង១០ម៉ឺនក្បាល ទូកក្ដា១០និងបានចូលរួមកសាងវត្តអារាមចំណាយថវិការប្រមាណ៨០ម៉ឺនដុល្លាសរុបថវិការកសាងសមិទ្ធផលនានាជាង៣លានដុល្លាអាមេរិក៕