អ៊ីរ៉ង់ ៖ ក្រុមអ្នកស៊ើបអង្កេតកាណាដាដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនឹងទទួលបានការអនុញ្ញាតឲ្យពិនិត្យបំណែកបាក់បែកនិងប្រអប់ខ្មៅពីយន្តហោះអ៊ុយក្រែនមួយគ្រឿងដែលធ្លាក់ដោយការវាយប្រហារដោយគ្រាប់មីស៊ីលកាលពីសប្តាហ៍មុន។
ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនកាណាដា (TSB) លោកស្រី Kathy Fox បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមិនដឹងច្បាស់ថាតើការស៊ើបអង្កេតរបស់យើងនឹងមានទំហំប៉ុនណានោះទេ”។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា “មានសញ្ញាដំបូងដែលថា ប្រទេសអ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ TSB ដើរតួនាទីសកម្មជាងអ្វីដែលត្រូវបានអនុញ្ញាត”។
អ្នកស៊ើបអង្កេតកាណាដាពីរនាក់បានទៅដល់ទីក្រុងតេអេរ៉ង់ហើយបន្ទាប់មកពីរនាក់ទៀតនឹងទៅដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រទេសអ៊ីរ៉ង់ដែលកំពុងដឹកនាំការស៊ើបអង្កេតនៃការធ្លាក់នេះបានអញ្ជើញពួកគេឲ្យចូលរួមនៅក្នុងការទាញយកនិងវិភាគសំឡេងកាប៊ីនយន្ដហោះនិងឧបករណ៍កត់ត្រាទិន្នន័យ។ ពួកគេក៏នឹងត្រូវបានអនុញ្ញាតឲ្យទៅមើលកន្លែងធ្លាក់និងបំណែកនៃយន្តហោះដែលកំពុងត្រូវបានរៀបចំទុកនៅឃ្លាំងក្បែរនោះផងដែរ។
លោកស្រី Fox បានធ្វើការអត្ថាធិប្បាយថា “យើងដឹងពីអ្វីដែលបានកើតឡើង។ អ្វីដែលយើងមិនដឹងនោះគឺថា ហេតុអ្វីបានជាវាកើតឡើង”។ លោកស្រីបានលើកឡើងបែបនេះមុនពេលពិនិត្យមើលសំណួរជាច្រើនជុំវិញការធ្លាក់នេះដែលនៅតែត្រូវការចម្លើយ។ ទាំងនោះរួមបញ្ចូលទាំងថាតើការវាយប្រហារដោយមីស៊ីលគឺមានចេតនាឬអត់ហើយថាតើហេតុអ្វីបានជាដែនអាកាសត្រូវបានបើកចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។
គួរបញ្ជាក់ជាថ្មីថា យន្ដហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលភ្លាមៗក្រោយពេលហោះចេញពីទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍មុនដោយបានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់១៧៦នាក់នៅលើយន្ដហោះ។ជនរងគ្រោះចំនួន៥៧នាក់គឺជាជនជាតិកាណាដា៕