ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា រណ្តៅដ៏ធំសម្បើមមួយបានលេបត្របាក់រថយន្តក្រុងមួយគ្រឿងនិងអ្នកថ្មើរជើងនៅក្នុងប្រទេសចិនដោយបង្កឲ្យមានការផ្ទុះដែលបានសម្លាប់មនុស្សចំនួន៦នាក់និងបាត់ខ្លួន១០នាក់ទៀត។
វីដេអូបានបង្ហាញមនុស្សនៅចំណតរថយន្តក្រុងរត់ចេញពីផ្លូវដែលកំពុងបាក់ស្រុតខណៈរថយន្តក្រុងបានលិចចូលទៅក្នុងដី។ មនុស្សជាច្រើនដោយរួមទាំងកុមារផងដែរបានបាត់ខ្លួនទៅក្នុងរណ្តៅនេះនៅពេលវារីករាលដាល។ វីដេអូបានបង្ហាញថា ឧប្បត្តិហេតុនៅខាងក្រៅមន្ទីរពេទ្យមួយនេះក៏បានបង្កជាការផ្ទុះនៅខាងក្នុងរណ្តៅផងដែរ។
ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ CCTV បានផ្សាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៥និង៣០នាទីល្ងាចថ្ងៃចន្ទក្នុងទីក្រុង Xining នៃខេត្ត Qinghai។ CCTV បន្ថែមថា មនុស្សចំនួន១៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រណ្តៅធំៗមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិនដែលនៅទីនោះ ពួកគេតែងតែត្រូវបានគេស្តីបន្ទោសលើការងារសំណង់និងល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។កាលពីឆ្នាំ២០១៦ មនុស្សយ៉ាងតិច៣នាក់បានធ្លាក់ចូលក្នុងរណ្តៅដ៏ធំមួយនៅខេត្ត Henan។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការបាក់នោះអាចបណ្តាលមកពីទុយោទឹកដែលកប់នៅក្រោមផ្លូវដែលបែកដោយសារភ្លៀងធ្លាក់៕