ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលម្សិលមិញបានបញ្ចេញនូវប្រតិកម្មខ្លាំងៗ ចំពោះព័ត៌មានដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានឃែមបូឌាដេលីថា សម្តេចកំពុងតែស្វែងរកច្រក ដើម្បីផ្ទេរតំណែងទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។
ប៉ុន្តែសម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់ សម្តេច មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងធ្វើជានាយករដ្ឋមន្ត្រី ក៏ត្រូវរង់ចាំពេលវេលារហូត ដល់ឆ្នាំ២០២៨, ២០២៩ ឬរហូតដល់ឆ្នាំ២០៣០ ហើយនឹងត្រូវឆ្លងកាត់ការបោះឆ្នោតដែរ ព្រោះកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ។
សូមជម្រាបថា ការថ្លែងប្រតិកម្មរបស់សម្តេចធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់ នៅកោះពេជ្រ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ម្សិលមិញ ។
សម្តេចបានថ្លែងបញ្ជាក់ថា សម្តេចត្រូវការពេលវេលា១០ឆ្នាំទៀត ដើម្បីកាន់តំណែងជានាយករដ្ឋមន្ត្រីនៅកម្ពុជា។ អញ្ចឹងបើទោះបីជា ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គេក៏ត្រូវរង់ចាំរហូតដល់ក្រោយឆ្នាំ២០២៨ ឬ២០២៩ ឬរហូតដល់ឆ្នាំ២០៣០ ទើបអាចប្រឡូកនៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីបាន។
សម្តេច ហ៊ុន សែន ក៏បានចោទសួរទៅវិញថា បើឪពុកកំពុងតែធ្វើជានាយករដ្ឋមន្ត្រី ទៅហើយ តើកូនមានលទ្ធភាពឯណាដែលមកដណ្តើមអំណាចពីឪពុកនោះ។ ម្យ៉ាងទៀតកម្ពុជាជា ប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរអំណាចពីឪពុកទៅកូនតាមរបៀបមួយ ដូចជានៅប្រទេសខ្លះនោះទេ ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត៕