អតីតទណ្ឌិតសង្ស័យបែកថ្នាំ ដុតផ្ទះប្រជាពលរដ្ឋអស់៣គ្រួសារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ អតីតទណ្ឌិតម្នាក់ ដែលគេសង្សយ័បែកថ្នាំ បានធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋ ឆេះរាលដាលអស់ចំនួន៣ខ្នង ស្មើនឹង ៣ គ្រួសារ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបំពេញសំណុំឯកសារតាមនីតិវិធី។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៣០នាទី នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានករណីអគិ្គភ័យបានឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៣ខ្នងស្មើ៣គ្រួសារ គឺ ៖ ១. ឈ្មោះ នៅ ឡងឌី ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ ចំនួន១ខ្នង ទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ពីឈើប្រក់ដែកស័ង្កសីខូចខាតទាំងស្រុង។ ២. ផ្ទះឈ្មោះ លីមសុខលីន ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ ផ្ទះសង់ពីឈើប្រក់ដែកស័ង្កសី មានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ (ឆេះទាំងស្រុង)។ ៣. ផ្ទះរបស់ឈ្មោះ សុខ ផៃ ភេទស្រី អាយុ៦៦ឆ្នាំ ជាតិខ្មែរផ្ទះសង់ពីឈើប្រក់ដែកស័ង្កសី មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រឆេះទាំងស្រុង។

សមត្ថកិច្ចបានបន្តថា នៅពេលកើតហេតុ សមត្ថកិច្ចបានចេញទៅអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥ឡានគឺ រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន៣ឡាន ស្រុកចំការលើ១ឡាន និងចំការកៅស៊ូបឹងកេត១ឡាន។ បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់បានចុះទៅដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ ស៊ើបអង្គត ហើយកំណត់បានជនសង្ស័យម្នាក់ជាអ្នកដុត មានឈ្មោះ ស៊ីន ដែត ភេទប្រុស អាយុ៣១៣ឆ្នាំ ជាតិខ្មែរទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាដោះលែងពីពន្ធនាគាក្នុងករណីហិង្សាមានស្ថានទម្ងន់ទោស ហើយពេលនោះកំលាំងសមត្ថកិច្ចសង្ស័យបែកថ្នាំ ដុតផ្ទះក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុិន ដែត បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕