ភ្នំពេញ ៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ រួមមាន ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទីក្រុងកំពត និងទីក្រុងតាខ្មៅ បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។
រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់ (មានតារាងទីក្រុងជ័យលាភីភ្ជាប់ជាមួយខាងក្រោម) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងសូចនាកររបស់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
ការប្រកួតប្រជែងនេះក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននឹងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕