រុស្ស៊ី ៖ តាមសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា អាវុធល្បឿនលឿនជាងសំឡេង Avangard របស់រុស្ស៊ីចាប់ផ្ដើមប្រតិបត្តិការហើយនៅក្នុងឆ្នាំ២០២០នេះ ក្រោយពីប្រកាសឲ្យដឹងដោយលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនា ឆ្នាំ២០១៨។
អាវុធ Avangard ដែលអាចជំរុញឲ្យមីស៊ីលហោះក្នុងល្បឿន រហូតដល់ទៅ ៣៣.៣៣៩គីឡូម៉ែត្រក្នុង ១ម៉ោងនោះ ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ប្រតិបត្តិការលើកដំបូងគេរបស់ពិភពលោក។
មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីរបស់រុស្ស៊ីនេះ អាចឡើងដល់រយៈកម្ពស់ ១០០គីឡូម៉ែត្រពីលើផ្ទៃផែនដី ហើយនឹងអាចហោះផុតប្រព័ន្ធការពារមីស៊ីលបាលីស្ទិកអាមេរិក ដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងជាមួយមីស៊ីលស៊េរីចាស់ៗ។
ប្រតិបត្តិការរបស់អាវុធល្បឿនលឿនជាងសំឡេងនេះ បានផ្ទុះព័ត៌មានកាលពីសប្ដាហ៍មុននៅជិតទីក្រុងភាគនិរតី Orenburg របស់រុស្ស៊ី ហើយពួកគេមានគម្រោងនឹងដាក់ពង្រាយអាវុធទាំងអស់នេះ ទៅកាន់កន្លែងផ្សេងទៀតនាពេលអនាគតខាងមុខ។ គោលបំណងសំខាន់នៃការផលិតមីស៊ីលនេះ គឺចង់ផ្ដួលប្រព័ន្ធការពារមីស៊ីលអាមេរិកក្នុងករណីដែលផ្ទុះសង្គ្រាមនុយក្លេអ៊ែរ៕