ភ្នំពរញ ៖ ស៊ីក្លូ ដែលគេប្រើក្នុងខ្សែភាពយន្តខ្មែររឿង ដើម្បីកូនត្រូវបានផលិតករភាពយន្តប្រកាសដាក់លក់ដេញថ្លៃដើម្បីយកលុយដែលបានមកពីការលក់ស៊ីក្លូនេះបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទុកជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនដែលកំពុងត្រូវការជំនួយសង្គ្រោះពីមន្ទីរពេទ្យនេះ។
លោកហ៊ុយ យ៉ាឡេង ផលិតករភាពយន្តរឿង ដើម្បីកូន ដែលបានប្រកាសដាក់លក់ស៊ីក្លូ ដែលខ្លួនបានប្រើក្នុងការថតភាពយន្តរឿងនេះ បានអោយដឹងថា ក្រោយពេលថតភាពយន្តខ្មែរ រឿងដើម្បីកូន ចប់រួចរាល់លោកចង់កែប្រែនិងយកស៊ីក្លូ ដែលខ្លួនបានប្រើក្នុងការថតភាពយន្តនោះអោយប្រយោជន៍ លោកក៏បានកែច្នៃ និងលាបពណ៌ស៊ីក្លូនោះទៅជាពណ៌មាស និងដាក់តាំងបង្ហាញ និងប្រកាសលក់ដើម្បីយកលុយជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ។
លោកបន្តថា ស៊ីក្លូ ដែលលោកបានប្រកាសលក់នៅពេលនេះ គឺមានតម្លៃ ១លានដុល្លារអាមេរិក ហើយលុយ ១លានដុល្លារអាមេរិកនេះ មិនមែនយកមកទុកប្រើប្រាស់ផ្ទាល់ខ្លួននោះទេ តែលោកនឹងយកលុយនេះ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីអោយមន្ទីរពេទ្យមានលទ្ធភាពក្នុងការដំណើរការមន្ទីរពេទ្យជួយកុមារកម្ពុជាបន្តទៀត ។ លោកថា រហូតមកដល់ពេលនេះលោកមិនទាន់ដែលបានកាន់លុយ១លានដុល្លារនៅឡើយ ហើយលោកក៏មិនទាន់បានជួយអ្វីដល់សង្គមជាតិធំដុំនៅឡើយ ។ ដូច្នេះលោកជឿជាក់ថា នឹងមានសប្បុរសជនទិញស៊ីក្លូនេះទុកជាអនុស្សាវរីយ៍ និងបរិច្ចាគថវិកា ដើម្បីជួយសង្គមជាពិសេសជួយកុមារដែលជាទំពាំងស្នងឬស្ស៊ី នៃប្រទេសកម្ពុជា ។
លោក យ៉ា ឡេង បានអោយដឹងបន្តទៀតថា បើតាមលោកដឹង មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាច្រើនណាស់ ក្នុងមួយឆ្នាំៗ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ដែលចូលមកសម្រាក និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ហើយបើសិនជាមិនមានការជួយជ្រោមជ្រែងពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនោះទេ មន្ទីរពេទ្យនេះក៏នឹងមិនមានដំណើរការទៀតដែរ ។
លោកបានបញ្ជាក់ថា ស៊ីក្លូដែលលោកប្រកាសលក់នៅពេលនេះមានអាយុកាលជាង៨០ឆ្នាំមកហើយ ដែលធ្វើឡើងដោយជនជាតិបារាំងមួយរូប ហើយអ្វីលោកធ្វើពេលនេះ លោកក៏ដឹងថានឹងមានការរិះគន់ពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាក៏លោកនៅតែជំនះធ្វើវា ព្រោះអ្វីដែលលោកធ្វើគឺដើម្បីពលរដ្ឋកម្ពុជា ដើម្បីកុមារកម្ពុជា ៕
ប្រកាសលក់ស៊ីក្លូ តម្លៃ១លានដុល្លារដើម្បីយកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា