លោក ផៃ ស៊ី​ផាន​៖ មតិ​ភាគតិច​នៅក្នុង​សភាត្រូវ​អន្តរាយ​ដោយ​តំណាងរាស្ត្រ​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ​ផៃ​ ស៊ី​ផាន រដ្ឋលេខា ធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃទី​១៣​កក្កដា​នេះ បានចាត់ទុក​មតិ​ភាគតិច​នៅក្នុង​សភា​ត្រូវបាន​អន្តរាយ​ដោយ​តំណាងរាស្ត្រ​របស់ខ្លួន​ដោយសារ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិកា​ជំទាស់​នឹ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។​

ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ ស៊ី​ផាន បានសរសេរថា “​ការបោះបង់​ភារកិច្ច​ក្នុងការ​តស៊ូ​រម​ត្តិ​បស់​តំណាងរាស្ត្រ​ភាគតិច CNRP ( គណបក្ស​សង្គ្រោះ​ជាតិ ) នៅក្នុង​រដ្ឋសភា គឺជា​ការប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​សង្គម​សេរី​។ ពហិកា ជា​ពាក្យ ឬ​សកម្មភាព​មួយ​នៃ​គណបក្ស​ភាគតិច​បាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន បង្ហាញ​នូវ​ការមិន​ពេញចិត្ត​នឹង​អ្វីមួយ​នៅក្នុង​ដំណើរ​ការងារ​នយោបាយ​”​។​

ក៏ប៉ុន្តែ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា “​ប្រជារាស្ត្រ​នៃ​អ្នកបោះឆ្នោត​ទេ ដែល​ត្រូវ​បាត់បង់​នូវ​មតិ​តតាំង​នយោបាយ ដែលជា​កិច្ច​តស៊ូ​មតិ​នៃ​ផល​សង្ឃឹមទុក​របស់​អ្នកផ្តល់​សន្លឹកឆ្នោត​ជូន​។ ថ្វី​ត្បិត​មតិ​របស់​អ្នកតំណាងរាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋសភា​គ្រាន់តែ​ជា​ផ្នែក​មួយ ឬ​ជ្រុង​មួយ​សម្រាប់​បង្ហាញ ឬ​តស៊ូ ប្រជែង​មតិ​ជាមួយ​អ្នកតំណាងរាស្ត្រ​មតិ​ភាគច្រើន និង​ជូន​សាធារណៈជន​ពិចារណា គឺ​មិនមែនជា​មតិ​របស់​អ្នកតំណាងរាស្ត្រ​ភាគតិច​ដែលជា​ទិសដៅ​នៃ​ចំនួន សន្លឹកឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ នៅក្នុង​លទ្ធផល​នៃ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ណាមួយ​នោះឡើយ​”​។​

​លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា “​ការបោះបង់ ឬ​ពហិកា​ជា​សកម្មភាព​មួយ​បន្ថែមទៀត ក្នុងការ​បង្កើតបាន​នូវ​អ្វីដែល​ជាការ​ព្រមព្រៀងរ​វាង​គណបក្ស​CPP និង​CNRP ក្នុង​កិច្ចសម្របសម្រួល​របស់ CPP មិន​ត្រឹមតែ​ផ្តល់​តំណែង​ទទួលខុសត្រូវ​នៅក្នុង​គណៈកម្មការ​រប​ស់ស​ភា ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​CPP ត្រូវការ​ដៃគូ​ពិភាក្សា តតាំង​មតិ​ក្នុង​ការងារ​របស់​សភា​។ ទង្វើ​របស់ CPP គ្រប់គ្រាន់​ហើយ ក៏​មិនដែល​មាននៅ​ក្នុង​ប​ច្ចឹ​ម​ប្រទេស ក្នុងការ​ប្រគល់​តួនាទី​ដូចនេះ ដោយ CPP បាន​ប្តេជ្ញា​ក្នុង​កិច្ចការងារ​កំណែទម្រង់​ឲ្យ​រឹតតែ​បាន​ស៊ីជម្រៅ​នៃ ប្រជាធិបតេយ្យ​ក្នុង​សភា​ទាំង​ការងារ ក៏ដូចជា​ការផ្សះផ្សារ​ជាតិ​”​។​

លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា “​នៅពេលនេះ ខ្លួន​ខ្ញុំ​ផ្ទាល់ យល់ឃើញថា ភាពចាស់ទុំ និង​ប្រជាធិបតេយ្យ​នៃ​ការចូលរួម​របស់​CNRP នៅមាន​គម្លាត​ឆ្ងាយ​ណាស់ ហើយ​ផល​រំពឹងទុក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​CNRP គឺជា​ការខាតបង់​ត្បិត CNRP គ្មានអ្វី​ក្រៅពី​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​តែ​ឈ្នះ​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត CNRP បាន​បោះបង់ចោល​នូវ​អធិបតេយ្យភាព​របស់ខ្លួន​ជា​អ្នកតំណាងរាស្ត្រ នឹង​ឆ្លើយ​តាម​អ្វីដែល​បរទេស​បាន​និយាយថា ច្បាប់ NGO មិនត្រូវ​ការ ឬ​មិន​សារៈសំខាន់​នោះទេ​។នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នកតំណាងរាស្ត្រ​របស់​CNRP ក្រៅពី​ពហិកា គឺ​មិន​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​នីតិរដ្ឋ និង​ចាត់ទុក NGO ឲ្យ​ស្ថិតនៅ​ក្រៅច្បាប់​តែប៉ុណ្ណោះ​”៕​ដោយ​៖ខេមរៈ