ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានា ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មករស្នាក់នៅ ក្នុងសំណង់អាគារដែលកំពុងសាងសង់ជាដាច់ខាត។
លោក ឃួង ស្រេង បានហាមប្រាមបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុឌទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជ ធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករ ខណៈដែលកន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកំពត មានបញ្ហាបាក់ស្រុតអាគារកើត ឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋាន សំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេស្របតាមស្តង់ដារបច្ចេកទេសទេ ។
បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅ ម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិន បានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៏ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ចៀសវាងកុំអោយហេតុការមិនល្អកើតឡើង។
លោកអភិបាល បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលត្រូវយក ចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀស វាងមានបញ្ហាកើតឡើងមិនបានដឹង។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងរុយោដីរាជធានីភ្នំពេញ បានមានប្រ សាសន៍ថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅ លើបច្ចេកទេសនិងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំង នោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅ ម្ចាស់សំណង់មកប្រជុំដោះស្រាយ ។ សំណង់មួយ បើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរ និងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះចោលតែម្ដង ៕