ភ្នំពេញ ៖ រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាព ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។
បើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា អ្នកនៅក្នុងវិស័យស្រូវអង្ករ និងសហគ្រាស ធនតូច បានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបាន អំពាវនាវឲ្យបង្កើនគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែប្រសើរ។
លោក ស៊ុយ សែម បានថ្លែងកាលពីថ្ងៃអង្គារថា ការបញ្ចុះតម្លៃ អគ្គិសនីរបស់រដ្ឋាភិបាល ៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មនៅឆ្នាំនេះ។
លោកបានបន្តថា៖ «តាមគោលនយោបាយរបស់រដ្ឋាភិបាល យើងសម្រេចបញ្ចុះតម្លៃអគ្គិសនី ៤០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់នៅប្រទេសរបស់យើង ខណៈឆ្នាំមុនការបញ្ចុះតម្លៃ ៨០ រៀលរួចទៅហើយក្នុង មួយគីឡូវ៉ាត់ម៉ោង យើងនឹងធ្វើការបញ្ចុះជាបន្តបន្ទាប់ទៀត។ គោលការណ៍ថ្មីនឹងបញ្ចុះនេះនឹងចាប់អនុវត្តនៅក្នុងខែកុម្ភៈ ខាងមុខនេះតទៅ»។
បច្ចុប្បន្នកម្ពុជាផលិតថាមពលអគ្គិសនីភាគច្រើនពីប្រភពវារីអគ្គិសនី ដែលមាន ៤៨ ភាគរយ និង ៤៧ ភាពរប្រភពពីថាមពលធ្យូងថ្ម ខណៈកម្ពុជានាំចូលថាមពលអគ្គិសនី ១៥ភាគរយពីប្រទេស ជិតខាង។
វិស័យឯកជនដែលជាម្ចាស់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវជាង ៣០០ នឹងទទួលបានផលប្រយោជន៍ធំពីការបញ្ចុះតម្លៃអគ្គិសនីនេះ បើទោះបីជាកម្រិតទាបក៏ដោយ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកជាង ៣០០ រោងម៉ាស៊ីនបានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីរបស់រដ្ឋាភិបាលនឹងជួយជំរុញខ្សែចង្វាក់ផលិតកម្ម និងរក្សាភាពប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករ។ លោកបន្ថែមថា រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃពី ០,១៤៧ ដុល្លារ មកត្រឹម ០,១៤៦ ដុល្លារនៅឆ្នាំនេះ។
លោកថ្លែងថា៖ «យើងស្វាគមន៍ហើយវាជាដំណឹងល្អ។ ចំពោះវិស័យស្រូវអង្ករ យើងចង់ឲ្យមានស្ថិរភាព និងគុណភាពការផ្គត់ផ្គង់អគ្គិសនីដែលវានឹងបង្កើនភាពប្រកួតប្រជែង ជានួយប្រទេសជិតខាង»៕