ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅតំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ញត្តិសូមឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ ចំណុចដើម្បីជួយគាំពារកម្មករក្នុងវិស័យសំណង់ ដោយបញ្ជាក់ថា ចំណុចមួយចំនួនក្រសួងបាន និងកំពុងអនុវត្តរួចហើយ ប៉ុន្ដែនឹងបន្តពិនិត្យចំណុចណាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង។
សេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CEN-TRAL) ក្នុងនាមតំណាង សហព័ន្ធសហជីព សមាគម អង្គការ សង្គមស៊ីវិល និងសហគមន៍ចំនួន ៧៨ កាលពីព្រឹកថ្ងៃទី ២១ ខែមករា បានយកញត្តិទៅដាក់នៅក្រសួងការងារ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសូមឲ្យដោះស្រាយនូវវិធានការចំនួន ៧ ចំណុចក្នុងការអនុវត្ដបទដ្ឋានសុវត្ថិភាពនៅតាមការដ្ឋានសំណង់នីមួយៗទូទាំងប្រទេសកម្ពុជា និងពង្រឹងការអនុវត្ដច្បាប់ក្នុងវិស័យសំណង់។
សេចក្ដីប្រកាសព័ត៌មានបានឆ្លើយតបថា៖ «ក្រសួងសូមបញ្ជាក់ថា ចំណុចដែលទាមទារមួយចំនួនក្រសួងបាននិងកំពុងអនុវត្ដរួចហើយ។ ចំពោះមុខក្រសួងនឹងពិនិត្យដោះស្រាយយ៉ាងយកចិត្ដទុកដាក់នូវរាល់សំណូមពរទាំងឡាយណាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង»។ចំពោះរាល់សំណូមពរផ្សេងទៀត ដែលផុតពីដែនសមត្ថកិច្ចរបស់ក្រសួងការងារ ក្រសួងនឹងបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្តទៀត។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងបានបន្ដថា ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបន្តពិនិត្យ និងដោះស្រាយនូវរាល់កង្វល់នានាដែលបានលើកឡើង។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពសំណង់ និងព្រៃឈើកម្ពុជាបានសាទរចំពោះការឆ្លើយតបរបស់ក្រសួងការងារលើញត្តិរបស់បណ្ដាសម្ព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ទៅក្រសួង។
លោក សុខ គីន ថ្លែងថា ៖ «ទោះបីយ៉ាងណាក៏យើងទទួលបានការឆ្លើយតបពីក្រសួងដែលជាសេនាធិការឱ្យរដ្ឋាភិបាល លើចំណុចដែលពួកយើងបានស្នើសុំដើម្បីឱ្យពួកយើងអស់សង្ស័យលើចំណុចដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានធ្វើការងារនេះ។ ប៉ុន្ដែយើងនឹងនៅតាមដាននៅលើចំណុចដែលមិនទាន់ធ្វើ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា៖ «អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាមួយប្រជាពលរដ្ឋ។ ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលកំពុងសាងសង់ ថាតើសំណង់ទាំងនោះមានច្បាប់ឬទេ? ស្របតាមស្តង់ដាបច្ចេកទេសទេ? បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតត្រូវតែបិទជាបណ្ដោះអាសន្ននឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយសំដៅធ្វើយ៉ាងណាឱ្យការដ្ឋានទាំងនោះអនុវត្តស្របតាមច្បាប់៕