ចិន​អរគុណ​ដល់​ការគាំទ្រ​របស់​ជប៉ុន​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​ប្រភេទ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2020 ក+ ក-

ចិន ៖ ក្រុមប្រឹក្សារដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ជាមួយ​លោក Toshimitsu Motegi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​​តាម​ការស្នើសុំ​ការពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​

​លោក Motegi បាន​និយាយថា​ភាគី​ជប៉ុន​យកចិត្តទុកដាក់​ចំពោះ​វិធានការ​វិជ្ជមាន​និង​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Xi Jinping ដើម្បី​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការរីក​រាលដាល​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​ថ្មី​នេះ​។​

លោក​បាន​បន្ថែមថា ​ប្រទេស​ជប៉ុន​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​នៃ​ការ​រាតត្បាត​ និង​ផ្តល់​ការគាំទ្ររួមទាំង​ជំនួយ​គ្រប់បែបយ៉ាង​ដល់​ប្រទេស​ចិន​។​ ទន្ទឹមនោះ​នោះ​ជប៉ុនក៏បានផ្ដល់​ជំនួយ​ជា​ម៉ាស​ចំនួន​មួយ​លាន​ដល់​ប្រទេស​ចិន ថែមទាំង​មានការ​ដាក់លក់​ម៉ាស់​បញ្ចុះតម្លៃ​ពិសេស​នៅតាម​ទីផ្សារ​ជាច្រើន ដោយ​ពុំ​មានការ​ឡើងថ្លៃ​នោះទេ​។​

​គួរ​បញ្ជាក់ថា គិត​មក​ពេលនេះ វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បានសម្លាប់​មនុស្ស​កើន​ដល់​៨០​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​វីរុស​នេះ​នៅ​ប្រទេស​ចិន​បាន​កើនឡើង​រហូតដល់​២៧៦១​នាក់ ខណៈ​ប្រមាណ​៣៧​ករណី​ផ្សេងទៀត នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ថៃ ៖ ០៨​ករណី អូស្ត្រាលី ៖ ០៤​ករណី​​ បារាំង ៖ ០៣​ករណី ជប៉ុន ៖ ០៤​ករណី ម៉ាឡេស៊ី ៖ ០៤​ករណី សិង្ហ​បុរី ៖ ០៤​ករណី កូរ៉េខាងត្បូង ៖ ០៣​ករណី សហរដ្ឋអាមេរិក ៖ ០៣​ករណី​ ​វៀតណាម ៖ ០២​ករណី នេ​ប៉ាល់ ៖ ០១​ករណី និង កាណាដា ៖ ០១​ករណី៕