ព្រៃវែង ÷ ក្រុមអ្នកឡានដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមរាប់រយនាក់បាននាំគ្នាផ្ទុះការតវ៉ាដុតកង់ឡាននិងចតឡានបិទផ្លូវ ខណៈខឹងខាងចំណតរថយន្តបង្ខំអោយពួកគាត់បង់លុយលើសលិទ្ធភាពដោយមិនមានចេញវិក័យបត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្មាំ២០២០ នៅចំណុចចំណតរថយន្តបន្ទាយចក្រី ស្ថិតក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនបង្កអោយមានមនុស្សរងរបួសទេ ដោយសារមានអាជ្ញាធរសត្ថកិច្ចស្រុកចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា គ្រាន់តែខូចខាតសម្ភារៈកន្លែងចំណតបង់លុយប៉ុណ្ណោះ។
បើតាមក្រុមអាជីវករបានលើកឡើងថា ពួកគាត់រាប់រយនាក់នេះគឺសុទ្ធតែអ្នកម្ចាស់ឡានដើរប្រមូលទិញស្រូវពីប្រជាពលរដ្ធគ្រប់២៥ខេត្ត ក្រុង ដឹកតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី យកទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយ។ចំពោះការដឹកនេះគឺពូកគាត់បានបង់លុយជាហូរហែរតាមផ្លូវ ទំរាំមកដល់ចក្របន្ទាយចក្រីអស់ចាប់ពី១០មុឺនរៀលឡើងទៅនោះទេ។ហើយមកដល់ចំណតរថយន្តបន្ទាយចក្រីនេះបង់អស់១០០០០រៀល និងបង់អោយមន្ត្រីសមត្ថកិច្ចច្រកទ្វារ២០០០០រៀលទៀត សម្រាប់ឡាន១គ្រឿង ហើយការបង់នេះដោយពុំមានចេញវិក្កិយបត្រនោះឡើយ។ក្រុមម្ចាស់ឡានដឹកស្រូវបន្តថា នៅមុនពេលកើតហេតុ ពួកគាត់បានចុះទៅបង់លុយអោយចំណតរថយន្តបន្ទាយចក្រី១០០០០រៀលដូចសព្វដង ស្រាប់តែខាងចំណតរថយន្តនោះគាត់អត់យក ដោយគំរាមបង្ខំអោយពួកគាត់បង់លុយ១៥០០០រៀល បើមិនដូច្នេះទេ គឺក្រុមចំណតមិនអោយឡានចេញឡើយ។ហេតុដូច្នេះហើយទើបពួកគាត់នាំគ្នាចតឡានប្រហែល៣០០គ្រឿងបិទផ្លូវចម្ងាយជាង១គីឡូដី ហើយនាំគ្នាប្រហែលជា៦០០នាក់ចុះដុតកង់ឡាននិងវាយកម្ទេចសម្ភារៈ រយៈពេលប្រហែលជិត២ម៉ោង ទើបមានខាងអាជ្ញាធរនិងសមត្ថកិច្ចស្រុកចុះមកសម្របសម្រួលអោយពួកគាត់រក្សាភាពស្ងៀមស្ងាត់សិនរងចាំអាជ្ញាធរខេត្តចុះមកដោះស្រាយនៅរសៀលថ្ងៃដដែលនេះ ទើបពួកគាត់ផ្អាកសកម្មភាព។
ទោះយ៉ាងណាក្រុមម្ចាស់ឡានដឹកស្រូវទាំងអស់គ្នាក៍សូមសំណូមពរអោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត មេត្តាជួយពួកគាត់រំលាយចំណតរថយន្តនេះចោលទៅកុំអោយមានទៀត ព្រោះប្រជាពលរដ្ធកុំពុងជួបការលំបាកមានមុខរបរបន្តិចប្តួចគ្រាន់ចិញ្ចឹមជីវិត រីឯតម្លៃស្រូវក៍ធ្លាក់ថ្លៃ ចុះបើចំណាយច្រើនម្លឹងៗតើអោយពលរដ្ធសង្ឃឹមអ្វីទៀត៕