ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់៣៦១នាក់ និងមានអ្នកឆ្លងកើនដល់ ១៧ ៣៨៧នាក់។ ក្នុងចំណោមអ្នកស្លាប់នោះគឺ៣៦០នៅក្នុងប្រទេសចិន ហើយ១ករណីកើតមាននៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។
របាយការណ៍របស់អាជ្ញាធរចិនបង្ហាញថា គិតតែក្នុងថ្ងៃអាទិត្យម្សិលមិញគឺមានអ្នកស្លាប់៥៧នាក់ និងអ្នកឆ្លងថ្មីចំនួន២ ៨២៩។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដាក់ពិភពលោកក្នុងភាពអាសន្នដោយការគម្រាមកំហែងនៃវីរុសឆ្លងនូវែល កូរ៉ូណា ខណៈតួលេខមនុស្សស្លាប់ និងអ្នកជំងឺបង្កដោយវីរុសរាតត្បាតនេះ បន្តកើនឡើងជាលំដាប់។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ក្នុង អំឡុងពីរបីសប្តាហ៍កន្លងមក ពិនិត្យឃើញភាពអាសន្ននៃការរីករាលដាលបានកើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិនធ្លាប់មានក្តី។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អង្គការសុខភាពអន្តរជាតិមួយនេះបានបញ្ជាក់ថា ការសម្រេចដាក់ពិភពលោកក្នុងគ្រាអាសន្ននេះ គឺដោយសារវីរុសនេះបានឆ្លង ចូលដល់ប្រទេសផ្សេងៗក្នុងពិភពលោកកាន់តែច្រើន៕