ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់យកឈើចម្រុះចំនួន ៩ ២១៥,៨៧៦ម៉ែត្រត្រីគុណ និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១គ្រឿង ព្រមជាមួយគ្នានោះយើងបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។
ឈើដែលចាប់បានខាងលើ គណៈកម្មការជាតិ កំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។ គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឱ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឱ្យជៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល។
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តថា នាពេលបច្ចុប្បន្ននេះ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក ជាដើម៕