WHO អំពាវនាវ​រក​ថវិកា​៦៧៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2020 ក+ ក-

​ស្វី​ស​ ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus  កាលពី​ថ្ងៃ​ម្សិលមិញ​បានអំពាវនាវ​រក​ថវិកា​ចំនួន៦៧៥​លាន​ដុល្លារ​អាមេរិកជា​ជំនួយ​សម្រាប់​ផែនការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ជាពិសេស​តាមរយៈ​ការវិនិយោគ​នៅក្នុង​ប្រទេស​នានា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បញ្ហា និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត​។​

​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ថ្ងៃនេះ​យើង​កំពុង​រៀបចំ​ផែនការ​ត្រៀម និង​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ …. យើង​កំពុង​ស្នើសុំ​ថវិកា​ចំនួន ៦៧៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទ្រទ្រង់​ផែនការ​សម្រាប់​រយៈពេល ៣​ខែ​ខាងមុខ​។ លោក Tedros និយាយថា សារ​របស់​យើង​ទៅកាន់​សហគមន៍​អន្តរជាតិ គឺ​ត្រូវ​វិនិយោគ​នៅថ្ងៃនេះ ឬ​បង់ប្រាក់​ច្រើន​នៅពេល​ក្រោយ ដោយ​បន្ថែមថា ការអំពាវនាវរ​កមូ​ល​និ​ធិ​គឺ “​តិចជាង​ប្រាក់​ដែល​យើង​នឹងត្រូវ​ចំណាយ ប្រសិនបើ​យើង​មិន​វិនិយោគ​លើ​ការត្រៀម​រៀបចំ​ឥឡូវនេះ​ទេ​”​។​

​លោក Tedros បាន​បញ្ជាក់ថា​ថវិកា ៦០​លាន​ដុល្លារ​នៃ​មូលនិធិ​នេះ​នឹង​ក្លាយជា​ប្រតិបត្តិការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក ចំណែក​ថវិកា​នៅសល់​នឹង​បញ្ជូន​ទៅកាន់​បណ្ដា​ប្រទេស​នានា ដែល​ត្រូវការ​ជំនួយ​ដើម្បី​ការពារ​ប្រឆាំងនឹង​វីរុស​ដ៏​កាច​សាហាវ​នេះ៕