ជនពិកាដោយសារគ្រាប់មីន៣០០នាក់ទទួលអំណោយពីចលនាយុវជនកម្ពុជាក្រុម១៥៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧នៃខេត្តបន្ទាយមានជ័យបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅចែកជូនដល់គ្រួសារជនពិកាចំនួន៣០០នាក់នៅក្នុងស្រុកថ្មពួកដែលពិកាដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ។ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០ក្នុងបរិវេណវត្តថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រោមវត្តមានរបស់ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី  អនុប្រធានទី១អាជ្ញាធរមីន។

លោក ដៀប ឈួន អភិបាលស្រុកថ្មពួកបានអោយដឹងថាស្រុកថ្មពួកជាស្រុកមួយដែលឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃនិងអូសបន្លាយយូរឆ្នាំ។ ជាមួយគ្នានោះដែរក៏បានបន្សល់ទុកជនពិកា ក្មេងកំព្រា ស្ត្រីម៉េម៉ាយ ជាច្រើនគ្រួសារ ជាមួយនោះក៏បានបន្សល់ទុកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅរាយប៉ាយពាស់ពេញដី ។លោកបន្តថាគ្រាប់យុទ្ធភ័ណដែលមិនទាន់ផ្ទុះទាំងនេះក៏បាននិងកំពុងយាយីអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័័យបានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាស់វៃនិងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង ហេដ្ឋារចនាសម្ពន្ធ័នានាត្រូវបានផុសត្រដែតឡើង។ ថ្វីត្បិតប្រទេសទទួលបានសុខសន្តិភាពក៏ពិតមែន តែអ្វីដែលយើងនៅតែមិនអាចភ្លេចបាន នោះគឺបងប្អូនជនពិកាដោយសារសង្គ្រាម ដោយសារគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលបាននិងកំពុងមានវត្តមានពាស់ពេញដីក្នុងស្រុកថ្មពួកនិងក្នុងព្រះរាជាណាចក្រកម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ចូលរួមសោកស្តាយនិងអាណិតអាសូរចំពោះបងប្អូនជនពិកាទូទាំងប្រទេសពិសេសបងប្អូនជនពិកាដែលកំពុងមានវត្តមាននាពេលនេះ ដែលរងគ្រោះព្រោះតែបូរណភាពទឹកដីនិងសុខសន្តិភាពប្រទេសជាតិ។ឯកឧត្តម ទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បងប្អូនជនពិកាដែលបានលះបង់និងចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ បងប្អូនពិតជាទទួលរងនូវការលំបាកពេកហើយ ចំពោះការលះបង់នេះ តែរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោក្នុងនាមប្រមុខថ្នាក់ដឹកនាំប្រទេសមិនដែលបំភ្លេចនិងទុកចោលបងប្អូនជនពិកាទាំងអស់នេះឡើយ ក្នុងនាមជាអ្នកមានគុណបំណាច់ចំពោះជាតិ មាតុភូមិ។

សូមបញ្ជាក់ផងដែរថាអំណោយដែលត្រូវចែកជូនក្នុងម្នាក់ៗ មានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១២កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីវ៦ដប ស្កសរ១គីឡូក្រាម អំបិលអ៊ីយ៉ូត១គីឡូក្រាម ប៊ីចេង១កញ្ចប់ សាប៊ូ១គីឡូក្រាម អាវស១ សារ៉ុង១ ថវិកា៣ម៉ឺនរៀល ។ ចំពោះសិស្សានុសិស្ស១០០នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ជ័រលុប១ បន្ទាត់១ អាវសរ១ និងថវិកា៥.០០០រៀល។ លោកគ្រូពេទ្យ២នាក់ ម្នាក់សារ៉ុង១ ថវិកា២ម៉ឺនរៀល។ កម្លាំងការពារ១៥នាក់ម្នាក់២ម៉ឺនរៀល។ យាយជីតាជីម្នាក់សារ៉ុង១ ថវិកា២ម៉ឺនរៀល ។ និងថវិកាចូលកសាងវត្តចំនួន១លានរៀល ព្រមទាំងពិសារនំបញ្ចុករួមគ្នាមួយពេលផងដែរ៕