ខេត្តព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹក ថ្ងៃទី០៥ ខែកុម្ភះឆ្នាំ២០១៩ នៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតី ប្រជុំបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៩ នឹងដាក់ចេញទឹសដៅបន្តការងារយោធា ឆ្នាំ២០២០។ ពិធីនេះក៏មានចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំងបួនចំណុះផងដែរ។
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាន៍ជម្រុញទៅដល់នាយ និងពលទាហានទាំងអស់ ត្រូវខិតខំបន្តយកចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងភារកិច្ចការពារជាតិមាតុភូមិ នៅតាមបន្ទាត់ព្រំដែន និងយកចិត្តទុកដាក់ការពារសន្តិសុខសណ្ឋាប់ធ្នាប់ឱ្យបានល្អប្រសើរ នៅតាមតំបន់ឈរជើងរបស់ខ្លួន។
លោកបន្តថា នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៩នឹងដាក់ចេញទិសដៅ ការងារយោធាឆ្នាំ២០២០របស់អង្គភាព នាពេលនេះ គឺចង់បញ្ជាក់ឱ្យកាន់តែច្បាស់ ក្នុងការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ កម្លាំងចិត្តយ៉ាងធំធេងរបស់កងទ័ព បាននឹងកំពុងខិតខំបំពេញបេសសកម្ម នៅតាមបន្ទាត់ព្រំដែន។ ក្រោមអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់ និងចាំបាច់បំផុត ក្នុងកិច្ចការ ការពារអធិបតេយ្យភាព ឯករាជ និងបូរណភាពដែនដី។
លោក ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើឡើងបញ្ជាក់ថា ថ្វីត្បិត តែសភាពការណ៍តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែយើងនៅតែមិនធ្វេសប្រហែស១វិនាទីណាឡើយ។ ព្រមទាំងបង្កើតការប្រុងប្រយ័ត្នរឹតតែទ្វេរឡើង ដោយត្រួតពិនិត្យ ហ្វឹកហ្វឺនជាប្រចាំ និងត្រៀមលក្ខណរួចជាស្រេច នូវកម្លាំងទ័ព ស្បៀងអាហារ បរិក្ខាសឹក ដែលមានក្នុងដៃស្រាប់។ ត្រៀមជាប់ជាប្រចាំនូវកម្លាំងអន្តរាគមន៍ សំរាប់ជួយដល់ប្រជាពលរដ្ឋជួបគ្រោះមន្តរាយផ្សេងៗ និងត្រៀមអនុវត្តន៍រាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូនគ្រប់ពេលវេលា។ យកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ក្តាប់ឱ្យជាប់រាល់សភាពការណ៍ នៅតំបន់ឈរជើង ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសគឺបញ្ហាគ្រឿងញៀន ចូលរួមសហការ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ដើម្បីរក្សាអោយបាននូវភូមិឃុំមានសុវត្ថិភាព។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៍បានកោតសសើរ ធ្វើការវាយតំលៃដល់មេបញ្ជាការ ដែលបានខិតខំប្រឹងប្រែង រៀបចំ និងមានភាពវ៉ៃឆ្លាតក្នុងការច្នៃប្រឌិត លើការកសាងអង្គភាពឱ្យកាន់រីកចំរើន៕