ភ្នំពេញ ៖ នៅម៉ោងជាង១រំលងអធាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅមណ្ឌលកម្សាន្តក្លិបផ្លាយ នៅផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ រកឃើញគ្រឿងញៀនគ្រប់ប្រភេទមួយចំនួនដូចជា ៖ ថ្នាំក្រវីជាង១០០កញ្ចប់តូចនឹងគ្រាប់ចំនួន ៥កញ្ចប់ រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួន ម៉ូតូ៣៧គ្រឿង រថយន្ត៧គ្រឿង។
ការបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះមានដូចជា ការិយាល័យព្រហ្មណ្ឌកម្រិតស្រាល កម្លាំងអន្តរាគមន៍ នឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះថា ប្រតិបត្តិការបង្ក្រាបមណ្ឌលកម្សាន្តក្លិបផ្លាយ ឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ និងរកឃើញគ្រឿងញៀនមួយចំនួន។ ដោយលោកបានបញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន ៧០នាក់ មានអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកមិនប្រើប្រាស់។ ចំពោះអ្នកមិនប្រើប្រាស់ គឺអប់រំ ណែនាំ ឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកប្រើប្រាស់គឺឲ្យពួកគាត់ស្ម័គ្រចិត្តទៅទទួលការព្យាបាល ឬបន្សាប។ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ចំពោះអ្នកចែកចាយគ្រឿងញៀននៅក្នុងមណ្ឌលកម្សាន្តក្លិបផ្លាយ គឺអនុវត្តទៅតាមច្បាប់ ដោយមិនលើកលែងឡើយ។
យោងតាមរបាយការណ៍បានបង្ហាញថា ជនសង្ស័យចំនួនពីរនាក់ ដែលចែកចាយគ្រឿងញៀន គឺទី១. ឈ្មោះ ឃាង ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល និងទី២. រ័ត្ន ធានី ភេទស្រី អាយុ៣៧ឆ្នាំ ជាមេការមណ្ឌលកម្សាន្តក្លិបផ្លាយ។ វត្ថុតាងរកឃើញមានដូចជាៈ ក្រាមពណ៌ស (ខេតាមីន) ចំនួន ១០១កញ្ចាប់ ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន ៣២គ្រាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន ១០គ្រាប់ ជញ្ជីងថ្លឹងចំនួនមួយ៕