ខេត្តកំពង់ចាម ៖ តំណាងម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពង់ចាម ប្រមាណជាង៣០០នាក់ បានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយលើកទឹកចិត្តផ្នែកគយ និងពន្ធដារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារអាស៊ាន LBN ខេត្តកំពង់ចាម ក្រោមវត្តមានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វគ្គសិក្ខាសាលាដែលបានរៀបចំនេះ គឺក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងធុនមធ្យម ដើម្បីបង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែង របស់ផលលិតកម្ម ក្នុងស្រុក ក៏ដូចជាការលើកទកចិត្ត ផ្នែកគយ និងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ២០២០ នាពេលនេះ គឺជាលើកដំបូង សម្រាប់ខេត្តកំពង់ចាម ដែលមានមន្ត្រី ជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ធ្វើការរផ្សព្វផ្សាយ ជូនដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូចនិងមធ្យមទាំង អស់តាមដំណាក់កាលនីមួយៗ ។
ជាមួយគ្នានោះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើន និងបង្កើតការងារ។ ក្នុងបរិបទនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន ៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឧស្សាហកម្ម ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥។ ២.យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង៣. យុទ្ធសាស្ត្រគៀងគររកចំណូលឆ្នាំ២០១៩ ឆ្នាំ ដល់ឆ្នាំ២០២៣ ដែលក្នុងនោះមានការកំណត់គោលដៅជាយុទ្ធសាស្ត្រក្នុងការពង្រឹងនិងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យមដែលផ្ដោតលើការរៀបចំយន្តការលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍលើវិស័យសហគ្រាសធុនតូចនិងមធ្យមព្រោះវាជាសំខាន់ណាស់ដែលត្រូវបានចាត់ទុកជាឆ្អឹងសេដ្ឋកិច្ចនិងជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារជូនប្រជាពលរដ្ឋ ៕