ក្រសួងប្រកាសជាផ្លូវការស្តីពី“វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ កុម្ភៈ នេះ បានធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការស្តីពី “កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១” នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៧ -២៣ ខែមករា ឆ្នាំ២០២១ក្រោមប្រធានបទ “អាស៊ាន ៖ សហគមន៍សន្តិភាព និងអនាគតតែមួយ” ដោយក្នុងពិធីនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ នេះ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន, សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិជាដើម។

ដោយឡែកការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដែលជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ានដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ នឹងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០រូប មកពីជុំវិញពិភពលោកផង ដែរ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យចូលរួមផ្សព្វផ្សាយអំពីការទទួលធ្វើជាម្ចាស់ផ្ទះ “វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១” របស់កម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនេះ ដើម្បីទទួលភ្ញៀវដែលមកលេងផ្ទះរបស់យើងប្រកបដោយទស្សនទាន “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅដល់ទេសចរ”។ លោកបានបន្តថា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កម្ពុជានៅតែ
ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប ក្នុងនោះគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលរបស់កម្ពុជាសម្បូរទៅដោយផលិតផលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងអេកូទេសចរណ៍៕