ឧកញ៉ា គិត ធាង បង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​សវនាការ​ថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2020 ក+ ក-

​ភ្នំពេញ ៖ ឧកញ៉ា គិត ធាង អតីត​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ត្រូវបាន​គេ​រាយការណ៍​ថា បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​សវនាការ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​កាលពីពេល​កន្លងទៅ រហូត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ​ដាក់ពន្ធនាគារ បើ​ទោះ ជា​វត្តមាន​ឧកញ៉ា​ម្នាក់នេះ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ក្រោយ​ការចាប់ខ្លួន រហូតមកដល់​ថ្ងៃនេះ ក៏ដោយចុះ ។

​តាម​ព័ត៌មាន​ទទួលបាន​គឺ​បន្ទាប់ពី​បើក​សាវ​នា​ការ​ជាច្រើនលើក​ច្រើនសារ​នាពេល​កន្លង​ទៅដោយ​គ្មាន​វត្តមាន ឧកញ៉ា គិត ធាង នោះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ តុលាការ រាជធានី​ភ្នំពេញ អាច​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនាគារ​នាំខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​ជា​ម្ចាស់ មជ្ឈមណ្ឌល កម្សាន្ត រ៉ុ​ក យកទៅ​ឈ​នៅក្នុង​រង្វង់​ក្រចកសេះ ដើម្បី​សួរចម្លើយ។​

​ជនជាប់ចោទ​ឈ្មោះ គិត ធាង មាន​ងារ​ជា​ឧកញ៉ា ដែលជា​ថៅកែ​ជួញដូរ​គ្រឿងញៀន ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ត្រូវបាន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នាំខ្លួន​ទៅ កាន់​សវនាការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនបាន​ដាក់​ខ្នោះដៃ​ដូច ជនជាប់ចោទ​ដទៃទៀត​ឡើយ​។​

​ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញថា ជនជាប់ចោទ​ឈ្មោះ គិត ធាង បាន ចូលក្នុង​សវនាការ​ដោយមាន​សម្លៀកបំពាក់​ធ​ម្ម​តា មិន​ដូច​ជនជាប់ចោទ​ផ្សេងៗ​ទេ ដោយ​ពាក់ អាវ​ដាក់​ក្នុង​ខោ​ក្រវ៉ាត់​ដោយ​ខ្សែក្រវ៉ាត់​មានតម្លៃ ជាមួយនឹង​ម៉ាស​ការពារ​មុខ ថែមទៀត ។​

​សូម​ជម្រាបជូន​ថា សំណុំរឿង ជួញដូរ​គ្រឿងញៀន​ដ៏​ធំ នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ដែលមាន​លោក​ឧកញ៉ា​ជា​មេខ្លោង មាន​ជនជាប់ចោទ​ប្រមាណ​ជិត ៣០​នាក់ មាន​លោក អ៊ឹម វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សុក កែវ​បណ្ឌិត ជា​តំណាង​អយ្យការ ដែល​ធ្វើឡើង​ដោយ​អសាធារណៈ ដោយ​តុលាការ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន ចូល​ស្តាប់​នោះទេ ក្រោម​ហេតុផល​ថា សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ជា​អនីតិជន​។​

​គួរ​បញ្ជាក់ថា កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជន ជាប់ចោទ អតីត ឧកញ៉ា គិត ធាង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ទៅតាម​ដីកា​របស់ តុលាការ បន្ទាប់ពី​រកឃើញថា អតីត​ឧកញ៉ា​រូបនេះ គឺជា​មេខ្លោង​បើក​ឲ្យ​មានការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល រ៉ុ​ក (ROCK) អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្រោយពី​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្តោះ អាសន្ន ឧកញ៉ា គិត ធាង បាន​សុំ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​រហូត មកដល់ពេលនេះ ហើយ​បើទោះជា​មានការ​បើកសវនាកា​រ​ជំនុំ​ជម្រះក្តី​លើ​ជន​ជាប់ ចោទ​ជា​ឧកញ៉ា​ថៅកែ​ជួញដូរ​គ្រឿងញៀន​រូបនេះ​ក្តី​ក៏​ពុំដែល​ឃើញ​ឧកញ៉ា​រូបនេះ​មាន​វត្តមាន ក្នុង​សវនាការ​នោះឡើយ ៕