ក្រសួងទេសចរណ៍ដាក់ចេញវិធានការ៤ចំណុចដើម្បីបង្ការការឆ្លងកូរ៉ូណាវីរុស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្ដីណែនាំកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២0 នេះ​អំពីការ​បង្ការ​ការ​ឆ្លង​កូរ៉ូណាវីរុសប្រភេទថ្មី (Covid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និង​សេវាកម្ម​ទេសចរណ៍​នានា។

ក្នុង​សេចក្ដី​ប្រកាស​មាន ៤ចំណុច​ដើម្បីបង្ការការឆ្លង​កូរ៉ូណាវីរ៉ុស៖

១ ៖ បុគ្គលិកទទួលភ្ញៀវគួរសាកសួរអំពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវ និងសង្កេតសុខភាពរបស់ភ្ញៀវ ខណៈ​ស្នាក់​នៅក្នុងសណ្ឋាគារ។

២ ៖ រៀបចំម៉ាស់ និងដាក់អាល់កុលក្នុងដបសម្រាប់លាងដៃនៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់​ហាត់​ប្រាណ ផ្លូវចូល ឬជណ្ដើរយន្តជាដើម។

៣ ៖ បង្កើនចំណេះដឹងក្នុងចំណោមអ្នកសម្អាតបន្ទប់ អំពីហានិភ័យ​នៃ​ការធ្វើ​ឲ្យ​កខ្វក់​ដោយ​ភ្នាក់ងារ​ចម្លង​វីរុសនៅលើផ្ទៃជុំវិញ។ រាល់អ្នកសម្អាតទាំងអស់ត្រូវផ្ដោតលើកិច្ចការពារខ្លួនដូចជាពាក់ម៉ាស់ និង​ស្រោម​ដៃកៅស៊ូ នៅពេលបំពេញការងារ។

៤ ៖ សម្រាប់សណ្ឋាគារ ដែលមានភ្ញៀវមានករណីមិនស្រួលដូចបានបញ្ជាក់អំពី Covid-19 អ្នក​សម្អាត​បន្ទប់ត្រូវពាក់សម្លៀកបំពាក់សុវត្ថិភាព ដោយពាក់មួកប្លាស្ទិក វ៉ែនតាធំ (វ៉ែនតាកញ្ជក់ថ្លាធំ) ម៉ាស់ អៀមការពារសម្លៀកបំពាក់ និងស្បែងកជើងវែង។ បរិក្ខារ​ផ្គត់ផ្គង់​សម្អាត​ស្រាប់​បន្ទប់​គួរ​ប្រើ​ប្រាស់​ថ្នាំសម្អាតដែលមានការណែនាំ ពីក្រសួងសុខាភិបាលត្រឹមត្រូវ។