ភ្នំពេញ ៖ លំនៅឋានប្រមាណ ១៥ខ្នង និង ៨០បន្ទប់ជួល នៅអមតាមអតីតផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅម៉ោង ៩និង២០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង តែគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។ ក្នុងហេតុការណ័នេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង ៤០គ្រឿង និងប្រើពេលជាងមួយម៉ោងទើបអាចពន្លត់បានទាំងស្រុង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ ភ្លើងបានឆេះផ្ទះអស់ចំនួន ១៥ខ្នង និង ៨០បន្ទប់ជួល។ មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំស្លរ ទើបបង្កជាអគ្គិភ័យ ឆាបឆេះឡើង តែគ្មានអ្នករងគ្រោះថ្នាក់ទេ។
គួររំឭកថា នៅវេលាម៉ោង ១ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើងសង់ពីឈើប្រក់ស័ង្កសី ១៥ល្វែង ប្រមាណជា១៦៥បន្ទប់ ស្មើ ១៦៥គ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី១ ភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕