ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឲ្យជួយជំរុញភាគីចិន ដើម្បីប្រើយន្តហោះ និងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់មកកម្ពុជាជាប្រញាប់ ដើម្បីចៀសវាងកុំឲ្យមានការបិទរោងចក្រ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់ពីចិន ដោយផ្ទាល់ដែរ។ សម្តេច អះអាងថា កម្ពុជា នាំចូលសាច់កំណាត់ប្រមាណ ៦០ភាគរយ ពីចិន ដើម្បីផ្គត់ផ្គង់វិស័យកាត់ដេរ។
ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ៖«ខ្ញុំ យល់ថា ការផ្តល់មតិនេះ គឺម្ខាង អាចដឹកជញ្ជូនតាមផ្លូវទឹក ម្ខាងទៀតអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមនៅកម្ពុជា សម្រាប់រោងចក្រមួយចំនួន ចៀសវាងការបិទរោងចក្រ ដែលកម្មករ-កម្មការិនីកម្ពុជា នឹងបាត់បង់ការធ្វើ ផ្អាកការធ្វើ។ …ប្រញាប់ប្រញាល់ដោះស្រាយវត្ថុធាតុដើម។…ខ្ញុំ ជឿថា មិត្តចិន នឹងអាចធ្វើទៅបាន ហើយកម្ពុជា ក៏នឹងខិតខំធ្វើទៅបាន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានប្រកាសថា កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ ៦០ភាគរយដែលស្មើនឹងប្រមាណ ១២០ដុល្លារ នៃប្រាក់ខែគោល ១៩០ដុល្លារ បើសិនជាពួកគេត្រូវផ្អាកការងារជាបណ្តោះអាសន្ន។
គួរកត់សម្គាល់ថា អាចនឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារមួយរយៈ ដោយសារតែអស់វត្ថុធាតុដើម ហើយកម្មករ-កម្មការិនី មិនតិចជាងម៉ឺននាក់នោះឡើយ ដែលនឹងត្រូវព្យួរការងារ។ ដើមចមនៃវិបត្តិនេះ ដោយសារតែវីរុស COVID-19 រាលដាលខ្លាំង ធ្វើឲ្យរោងចក្រ និងក្រុមហ៊ុនជាច្រើននៅប្រទេសចិន ត្រូវផ្អាកផ្គត់ផ្គត់ និងការនាំចូលវត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ៕