អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ថ្លែងការណ៍ពីទេសចរណ៍ និង Covid-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2020 ក+ ក-

ភ្នំពេញ ៖ ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ និង ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក បានចេញនូវសេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីទេសចរណ៍ និង Covid-19 ខណៈដែលការរីករាយដាលនៃជំងឺនេះនៅតែបន្តកើតមាន ដោយអង្គការ ពិភពលោកទាំងពីរនេះបានប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរទៅនឹងវិបត្តិ Covid-19 នេះ ព្រមទាំងបានអំពាវនាវឲ្យមានការទទួលខុសត្រូវ និង កិច្ចសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ។

គួររំលឹកថា ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បាន ប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសម្រាប់សុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ
ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។

អង្គការសុខភាពពិភពលោកមិនបានផ្តល់ អនុសាសន៍ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ហើយបច្ចុប្បន្ន អង្គការ សុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានា យ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ ដោយធ្វើ ការតាមដានអំពីការឆ្លង និងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និង សហគមន៍សកលលោកស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាគន្លឹះក្នុងវិស័យទេសចរណ៍ គឺមានការប្តេជ្ញាយ៉ាងមុតមាំ តម្កល់ពលរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋជាអាទិភាព ដែលកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទី ស្នូលយ៉ាងសំខាន់ក្នុងការធានាឲ្យវិស័យនេះអាចចូលរួមទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក កំពុងសហការប្រឹក្សាយោបល់គ្នា យ៉ាងជិតស្និទ្ធជាមួយនឹងដៃគូរផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឲ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និងពាណិជ្ចកម្មអន្តរជាតិ ដោយការឆ្លើយតបពីវិស័យទេសចរណ៍ទាមទារឲ្យមានការថ្លឹងថ្លែង សមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅ របស់អង្គការសុខភាពពិភពលោក ហើយថា អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភព លោកត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេស ទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្នសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ៕