មនុស្សស្លាប់ដោយសារ COVID-19 នៅប្រទេសចិនកើនដល់២,៩៤៣នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៤៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,១៥១ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ របស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១២៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។

បើតាមអាជ្ញាធរចិនបានអះអាងថា មនុស្សសរុប៥៨៧នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕