ភ្នំពេញ ៖ ដោយស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលបានសង់តាំងពីទសវត្សរ៍ទី៦០ ធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋ ដែលចូលទៅទិញ ឥវ៉ាន់នៅក្នុងផ្សារនេះ នាព្រឹកថ្ងៃទី៣ ខែមីនានេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ខណ្ឌមានជ័យចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដោយផ្ទាល់ ក្នុងទីតាំងផ្សារស្ទឹងមានជ័យចាស់ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។
លោក អភិបាលបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ដែលជាម៉ែជាឪ របស់ប្រជាពលរដ្ឋ តែងបានគិតគូរ អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ឃើញថា មានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាចបង្កគ្រោះថ្នាក់ដល់អាជីវករ និងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះ ឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលដែរ ។ តែបើអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ថា ផ្សារនេះបានកសាងឡើង ក្នុងឆ្នាំ ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ ១៣ម៉ែត្រគុណនិង១៨ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើម ចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីឱ្យធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ ដោយយថា ហេតុដល់ប្រជាពលរដ្ឋនិងអាជីវករ៕