ខេត្តព្រះសីហនុ ៖ នាវិក១៦នាក់នៃនាវា MT-COURAGEOUS ដែលបានល្មើសចូលដែនទឹកកម្ពុជាកាលពីចុងខែកុម្ភៈ កន្លងទៅ ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុរួចហើយ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ដើម្បីបន្តនីតិវិធី ។នេះបើតាមកការបញ្ជាក់របស់អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក តេង សួន។
លោក តេង សួន បានប្រាប់ ថា នៅព្រឹកនេះ សមត្ថកិច្ចបានបញ្ជូននាវិកនៃនាវា MT-COURAGEOUS ចំនួន ១៦នាក់ ក្នុងនោះមាន ១២នាក់ជាជនជាតិមីយ៉ាន់ម៉ា និង៤នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី ទៅតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា នាវិកទាំងនោះបញ្ជាកប៉ាល់ល្មើសចូលលើដែនទឹកកម្ពុជា កាលពីចុងខែមុន។
លោកឧត្តមសេនីយ៍ឯក តេង សួន ៖ «យើងបានបំពេញបែបបទគ្រប់ជ្រុងជ្រោយដាក់ជូនតុលាការ ដាក់ជូនព្រះរាជអាជ្ញា ដើម្បីចោទប្រកាន់ អនុវត្តតាមនីតិវិធីច្បាប់ហើយ»។
យោងតាមគេហទំព័រ vesselfinder.com កប៉ាល់ MT-COURAGEOUS ដែលមានលេខសំគាល់ IMO 8617524 ជាប្រភេទកប៉ាល់ដឹកប្រេង បំពាក់ទង់ជាតិកាមេរ៉ូន។ កប៉ាល់នេះក៏មានឈ្មោះផ្សេងទៀតថា SEA PRIMA ដែលបំពាក់ទង់ជាតិប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីត St Kitts & Nevis។ ទោះជាយ៉ាងណា ក្នុងពេលដែលកប៉ាល់នេះចូលដែនទឹកកម្ពុជា កប៉ាល់នេះក៏បានបំពាក់ទង់ជាតិកម្ពុជាផងដែរ។ កប៉ាល់ដឹកសាំង MT-COURAGEOUS ដែលបានចូលដែនទឹកកម្ពុជាក្នុងចន្លោះកោះតាង និងកោះពូលូវ៉ៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នោះមិនមានការអនុញ្ញាតទេ។
លោក តេង សួន បញ្ជាក់ថា៖ «ជាទូទៅ កប៉ាល់អន្តរជាតិទៅដល់ប្រទេសណា វាត្រូវពាក់ទង់ជាតិប្រទេសហ្នឹង នេះជាច្បាប់អន្តរជាតិ។ ទីពីរ កប៉ាល់ដែលវាល្មើសច្បាប់ វាត្រូវមានគ្រប់លក្ខណៈ ដើម្បីត្រៀមបំរុង និងក្លែងបន្លំ ដើម្បីងាយស្រួលក្នុងការល្មើស បន្លំដល់សមត្ថកិច្ចដែលធ្វើការតាមដែនសមុទ្រ»។
បើតាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា បញ្ជាក់ថា នាវានេះធ្លាប់ធ្វើការផ្ទេរទំនិញពីនាវាទៅនាវា ឬទៅទូកដឹកទំនិញរបស់កូរ៉េខាងជើង ដែលត្រូវបានចាត់ទុកជាសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីឆ្នាំ២០១៧។
អ្នកនាំពាក្យអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញារង លោក លឹម ប៊ុនហេង មានប្រសាសន៍ប្រាប់VOD នៅរសៀលម៉ោង២នេះថា អយ្យការបានទទួលសំណុំរឿងនេះហើយ និងកំពុងទទួលចាត់ការ.
គួររំឭកថា កប៉ាល់ MT-COURAGEOUS នេះ មានផ្ទុកនាវិកចំនួន១៦នាក់ និងបានចាកចេញពីកំពង់ផៃ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ និងបានបោះយុថ្កាបំពានដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៕