ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានបន្តកើនដល់ ៣,០១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,៤០៩ករណី។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សចំនួន ១៣៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។ ក្នុងចំណោមអ្នកឆ្លងថ្មីៗ គឺមាន ១៣៤នាក់នៅខេត្តហ៊ូប៉ី ខណៈអ្នកស្លាប់វិញ គឺស្ថិតនៅក្នុងហ៊ូប៉ីទាំងអស់។
បើតាមអាជ្ញាធរបានអះអាងថា តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន។ ដោយឡែកអាជ្ញាធរចិន ក៏បានដឹកសម្ភារៈពេទ្យ និងខោអាវឈុតសម្រាប់ការពារមេរោគ ប្រមាណ ២០,០០០សម្រាប់ ទៅកាន់ទីក្រុងវូហាន (Wuhan) ផងដែរ ដើម្បីបង្កើនសកម្មភាពប្រយុទ្ធប្រឆាំង នឹងវីរុស COVID-19៕