សំណុំរឿង​ពុករលួយ​របស់​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុដល់​តុលាការហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2020 ក+ ក-

​ភ្នំពេញ ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពីល្ងាចម្សិលមិញបាន​បញ្ជូន​សំណុំរឿង អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​តុលាការ​ស៊ើបអង្កេត​ និង​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច បំពាន​ធនធានធម្មជាតិ និង​ផ្តល់​ឯកសារ​ក្លែងក្លាយ​ដល់​អាជ្ញាធរ​។​

លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កំពុងបើកស៊ើបសួលើជនត្រូវចោទឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលត្រូវចាប់ខ្លួនដោយអង្គភាព (ACU) ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។

សូមសម្រាបថា លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អង្គភាព ACU ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០ ដោយ​ជាប់​សង្ស័យ​ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុងពេល​លោក​កាន់តំណែង ខណៈដែល​ការឃាត់ខ្លួន​នេះ​ដឹកនាំ​ដោយ​លោកស្រី កែម សុភាព ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​របស់ ACU៕