ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជា កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាការផ្ទេរអ្នកទោសរវាងកម្ពុជា និងវៀតណាម មុនបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីលើកទៅប្រជុំសភាពេញអង្គ នាពេលខាងមុខ។
អ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា លោក ឡេង ប៉េងឡុង បានពន្យល់ពីសារៈសំខាន់នៃសន្ធិសញ្ញាថ្មីនេះថា ប្រសិនបើជនជាតិកម្ពុជាណាម្នាក់បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាម កាត់ទោសតាមច្បាប់នោះ គឺកម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសនោះពីវៀតណាម មកអនុវត្តទោសបន្តនៅប្រទេសកម្ពុជា វិញ។
លោក ឡេង ប៉េងឡុង អ្នកទោសជាជនជាតិខ្មែរដែលជាប់ទោសនៅប្រទេសវៀតណាមអាចជួបការលំបាកច្រើន ទាំងការមិនចេះភាសា ទាំងស្ថានភាពស្នាក់នៅ ហើយបងប្អូនសាច់ញាតិក៏ពិបាកក្នុងការទៅសួរសុខទុក្ខទៀត។ ដូច្នេះហើយ លោកសង្កត់ធ្ងន់ថា តាមរយៈសន្ធិសញ្ញាថ្មីនេះ គឺអ្នកទោសខ្មែរអាចយកមកកម្ពុជាវិញបានដែលផ្តល់ភាពងាយដល់ពួកគេ។
លោកបន្តថា ចំពោះភាពខុសគ្នានៃទំហំដាក់ទោសទណ្ឌរវាងកម្ពុជា និងវៀតណាម តួយ៉ាង វៀតណាមមានទោសប្រហារជីវិត ឯកម្ពុជាមានត្រឹមទោសដាក់ពន្ធនាគារអស់ជីវិតនោះ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា បញ្ហានេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាមនឹងពិភាក្សា និងសម្របសម្រួលគ្នាបន្ថែមទៀត។
សូមជម្រាបជូនថា សន្ធិសញ្ញាថ្មីនេះ អាចឱ្យកម្ពុជា មានសិទ្ធិស្នើសុំអ្នកទោសដែលជាជនជាតិខ្មែរហើយជាប់ទោសនៅវៀតណាម មកអនុវត្តទោសបន្តនៅកម្ពុជាវិញ។ សន្ធិសញ្ញាផ្ទេរអ្នកទោសនេះ គឺកម្ពុជាធ្វើជាលើកទី១ហើយជាមួយនឹងប្រទេសវៀតណាម។ វៀតណាម ក៏ដូចជាថៃ និង ប្រទេសឡាវជាដើម គឺមានតែបត្យាប័នជាមួយគ្នាតែប៉ុណ្ណោះ៕