វ៉ាស៊ីនតោន ៖ មនុស្ស២១នាក់ត្រូវបានក្រុមជំនាញអាមេរិកធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួនរបស់ពួកគេ នៅលើកប៉ាល់ហ្គ្រេនដ៍ព្រីនសេស (Grand Princess) ដែលមានផ្ទុកអ្នកដំណើរសរុប ៣,០០០នាក់ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីនសេសគ្រូស (Princess Cruise) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា នៅក្នុងចំណោមអ្នកឆ្លងទាំង២១នាក់នោះ គឺមាន១៩នាក់ជាក្រុមអ្នកបម្រើការងារលើនាវាផ្ទាល់ និង០២នាក់ទៀតជាអ្នកដំណើរ។ មនុស្សសរុប៤៦នាក់ត្រូវបានកំណត់ឲ្យធ្វើតេស្ត រកមើលវីរុសកូរ៉ូណាថ្មីនេះ ដោយក្នុងនោះ ២៤នាក់ទៀតចេញលទ្ធផលអវិជ្ជមាន និងម្នាក់កំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ។
សូមជម្រាបថា នាវាទេសចរណ៍ខាងលើនេះ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណី អ្នកជំងឺម្នាក់ដែលបានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីរូបគេបានឆ្លងមេរោគ COVID-19 ហើយក្រោយមកទើបគឺដឹងថា ជនរងគ្រោះធ្លាប់ជាអ្នកដំណើរលើកប៉ាល់ ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។ នាវានេះត្រូវបានអាជ្ញាធរអាមេរិក ឃាត់ទុកនៅលើផ្ទៃទឹកសិនដោយមិនអនុញ្ញាតឲ្យចូលចត នៅកំពង់ផែទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះឡើយ ចាប់តាំងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់)៕