បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាររួចហែលឡើងគោកវិញដោយខ្លួនឯង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2020 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មីហើយមិនបណ្តាលអោយស្លាប់នោះទេបន្ទាប់ពីលោតបុរសរូបនោះបានហែលចូលខាងដោយខ្លួនឯង។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០២០ នៅកណ្តាលស្ពានថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរូបនោះ បានប្រាប់អោយដឹងថាខ្លួនឈ្មោះ ផល អាយុ ៣៦ឆ្នាំ មានលំនៅ ក្នុងខេត្តកំពង់ស្ពឺ ។តាមនគរបាលមានការសង្ស័យថាបុរសនោះបែកថ្នាំ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរូបនោះ ឡើង លើស្ពានជ្រោយចង្វារ ហើយ បានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួន តែម្តង ។ភ្លាមៗ នគរបាលគោលដៅទី៣ ការពារស្ពានជ្រោយចង្វារបានចេញទូកអូរប័រ ទៅជួយស្រង់សង្គ្រោះ តែបុរសនោះបានហែលគេចចេញពុំព្រមអោយជួយសង្គ្រោះឡើយ។លុះក្រោយមកនគរបាលក៍បានបោះពោង អោយបុរសនោះតោងហើយអូសចូលខាង ។នៅពេលមិនទាន់ដល់ខាងផង បុរសនោះ ក៍បានលែងពោង ហើយហែលទឹកចូលខាងដោយខ្លួនឯង ។

នៅពេល ដែលបុរសនោះ ហែលដល់ខាងអ្នកយកព័ត៌មានក៍បានជួយអូសទាញបុរសរូបនោះឡើងច្រាំង ។

តាមបុរសរូបនោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូមួយគ្រឿងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយពុំដឹងហេតុអ្វីឡើយ។នៅពេលសួរនាំយូរៗទៅ បុរសនោះប្រាប់ថា ដោយសារតែតូចចិត្តប្រពន្ធលែងលះព្រមទាំងប្រាប់ថា មានគេដេញតាម។ដោយសារតែនិយាយត្រឡប់ត្រឡិន នគរបាលមានការសង្ស័យ ថា បុរសរូបនោះបែកថ្នាំបានជាមកលោតទឹកសម្លាប់ខ្លួនបែបនេះ៕