ខេត្តព្រះសីហនុ ៖ កំពង់ផែខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា ថ្ងៃចន្ទ១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាវា SITC Fujian ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២៣៖២៥នាទី។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលចិនបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា មកដល់កំពង់ផែកម្ពុជានៅថ្ងៃទី០៩ ខែមីនា ហើយជើងទី២ នឹងមកដល់នៅថ្ងៃនេះ ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត៕