ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​វៀតណាម​កើន​ដល់​៣៥ ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2020 ក+ ក-

​វៀតណាម ៖ ប្រទេស​វៀតណាម​បានប្រកាសថា ចំនួន​អ្នក​ជម្ងឺ​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កំពុងតែ​កើនឡើង បន្ទាប់ពី​ការឆ្លង​វីរុស​នេះ​ឡើងវិញ​តាម​ជើងហោះហើរ​ពី​ចក្រភព​អង់គ្លេស ។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ៣៥ ករណី​ច្រើនជាង​ទ្វេដង​នៃ​ករណី​ពីដំបូង​ចំនួន ១៦ ករណី ។ ក្រសួង​បាន​និយាយថា អ្នកដំណើរ​ចំនួន ១៣ នាក់​ដែល​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ Vietnam Airlines ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី ២ ខែមីនា ត្រូវបាន​គេ​ធ្វើតេស្ត៍​វិជ្ជមាន​សម្រាប់​វីរុស​ដែល​ភាគច្រើន​ជា​ជនជាតិ​អង់គ្លេស ឬ​វៀតណាម​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ផ្សេងៗ​នៃ​ទ្វីបអឺរ៉ុប​រួមទាំង​ប្រទេស​អ៊ីតាលី​ផងដែរ ។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចុងក្រោយបង្អស់​របស់​វៀត​ណា​ម​គឺ​ស្ត្រី​ជា​អ្នកលក់​ម្នាក់​អាយុ ២៩ ឆ្នាំ​នៅ​ភាគ​កណ្តាល​ខេត្ត Danang បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ដែល​ឆ្លង​មេរោគ​ចំនួន​ពីរ​នាក់​ពី​ការហោះហើរ​កាលពី​ថ្ងៃទី ៤ ខែមីនា ។​នៅ​ប្រទេស​វៀតណាម​មិនមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នោះទេ ។​

​ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ​ថា ក្នុងចំណោម​មនុស្ស​ទាំង ១៦ នាក់​ដែល​បាន​ឆ្លង​វីរុស​នៅពេលនេះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ហើយ​មិនមាន​ករណី​ថ្មី​ណាមួយ​ត្រូវបាន​កត់ត្រា​ចាប់តាំងពី​ថ្ងៃទី ១៣ ខែកុម្ភៈ ។​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្អាក​ការធ្វើដំណើរ​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន ៨ នៅ​អឺរ៉ុប​ចំពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ ។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​ការចេញផ្សាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ការផ្អាក​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​ពលរដ្ឋ​ដា​ណឺ​ម៉ាក ន័​រ​វែ​ស ហ្វាំ​ង​ឡង់ ស៊ុយអែត ចក្រភព​អង់គ្លេស អាល្លឺម៉ង់ បារាំង និង​អេ​ស្ប៉ា​ញ ៕