ភ្នំពេញ៖អាជ្ញាធរសង្កាត់ទន្លេបាសាក់កាលពីថ្ងៃទី០១ខែកក្កដា កន្លងមកនេះ បានសេចក្តីជូនដំណឹងមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅអគារប៊ូលឌីងបង្កើនការប្រុងប្រយ័ត្នចំពោះការរស់នៅលើ ឬគួរចាកចេញជាបណ្តោះអាសន្ន ព្រោះផ្នែកជំនាញបានចាត់ទុកថាអគារនេះមានសភាពទ្រុឌទ្រោមខ្លាំង។
សេចក្តីជូនដំណឹងធ្វើឡើងបន្ទាប់ពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចុះត្រួតពិនិត្យ និងវាយតម្លៃអគារប៊ូឌីងនេះនាពេលកន្លងមក។ សេចក្តីជូនដំណឹងបន្តថា៖« គ្រួសារនីមួយៗបានជួសជុលនិងសាងសង់បន្ថែមទម្ងន់លើបន្ទុកអគារ ចាស់ដែលខ្លួនកំពុងរស់នៅ ដោយគ្មានលិខិតអនុញ្ញាតនិងគ្មានការថែទាំឲ្យបានល្អផងល្អផងនោះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖«សព្វថ្ងៃអគារមានសភាពទ្រុឌទ្រោម គួរឲ្យព្រួយបារម្មណ៍»។
ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ បានបញ្ជាក់ក្នុងសេចក្តីជូនដដំណឹងថា៖«ដើម្បីជៀសវា ងគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើងដោយសារការបាក់ស្រុតដួ លរលំនៃអគារនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើអគារខាងលើនេះឲ្យមានការប្រុងប្រ យ័ត្នក្នុងការស់នៅរបស់ខ្លួនឬចាកចេញពីអគារនេះបណ្តោះអាសន្នសិន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានលើកឡើងថាអគារប៊ូលឌីង មានវ័យចំណាស់ និងសភាពទ្រុឌទ្រោម ហើយអំពាវនាវឲ្យមានការកម្ទេចចោល ដោយសារបារម្ភពីសុវត្ថិភាពអ្នកដែលកំពុងរស់នៅទីនោះ។ លោកក៏បានលើកឡើងពីការចរចាដោយមានគម្រោងផ្លាស់ប្រជាពលរដ្ឋទៅរស់នៅតំបន់ជ្រោយចង្វាវិញ៕