រដ្ឋមន្ត្រីនៃអាកាសចរណ៍ស៊ីវិលកម្ពុជា ស្នើសុំចិនផ្តល់បទពិសោធន៍លើការទប់ស្កាត់ វីរូស កូវីដ ១៩
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានស្នើសុំចិន ឲ្យចែករំលែកបទពិសោធដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ខណៈមន្ត្រីចិន លើកឡើងពីភាពជោគជ័យលើបញ្ហានេះ ស្របពេលដែលក្រសួងសុខាភិបាល បានយកសំណាកអ្នកដំណើរ និងបុគ្គលិកកប៉ាល់ទេសចរណ៍ Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម ចំនួន ៥៩ នាក់ទៅធ្វើតេស្តពីម្សិលមិញ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងកាលពីម្សិលមិញថា ប្រទេសចិននឹងចែករំលែកបទពិសោធល្អៗក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគកូវីដ ១៩ នៅតាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ។ នេះបើតាមព័ត៌មាននៅលើហ្វេសប៊ុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
ក្រសួងព័ត៌មាន បង្កើតគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការមួយដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មាក្លែងក្លាយ។
តាមសេចក្តីសម្រេចចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើង មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា៕
ការប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងត្រូវចែកជា ៣តំបន់ និងទទួលខុសត្រូវដោយក្រុមហ៊ុន ៣ផ្សេងគ្នា
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះថា
រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី យកមកគ្រប់គ្រងវិញ ដោយបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹង រាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថា នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣តំបន់ ក្នុងខណ្ឌទាំង ១៤ នៅភ្នំពេញ ដោយក្នុងមួយតំបន់មាន ១ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវ៕
សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅវត្តទួលអស់លោក
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាមុខ ចាប់ថ្ងៃទី១៣ រហូដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅបរិវេណវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ព្រឹត្តការណ៍សង្ក្រាន្ដដែលរៀបចំឡើងក្នុងខណ្ឌឫស្សីកែវ នេះ ក៏មានការរាំលេងកំសាន្ដ និងលេងល្បែងប្រជាប្រិយតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ព្រមទាំងមានពិធីស្រង់ព្រះ នៅថ្ងៃទី១៦ វេលាម៉ោង ១៤៖០០នាទីរសៀល ត្រូវនឹងថ្ងៃចូលឆ្នាំ ថ្ងៃទី៤ ផងដែរ៕
COVID-19 ឆ្លងថ្មីនៅហ៊ូប៉ី ធ្លាក់នៅត្រឹម៨ករណី ឯអ្នកសះស្បើយទូទាំងប្រទេសចិន ជិត៨០ភាគរយ
៥ គណៈកម្មការសុខាភិបាលចិន បានប្រកាសថាករណីឆ្លង COVID-19 នៅទូទាំងប្រទេសក្នុងថ្ងៃទី១១ ខែមីនា មានចំនួន ១៥ករណីប៉ុណ្ណោះ ក្នុងនោះនៅខេត្ត ហ៊ូប៉ី មាន៨ករណី និង៧ករណីទៀតនៅខេត្តផ្សេងៗ។ ក្នុងចំណោម ៧ករណីនោះ មាន៦ករណីជាការនាំចូលពីក្រៅប្រទេស ក្នុងនោះខេត្ត គ័ងតុង មាន៣ករណី ខេត្តកាន់ស៊ូ មាន ២ករណី និង ខេត្តហឺណាន មាន ១ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងនៅចិន មាន ៨៥ករណី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua៕
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅតែបដិសេធបទចោទសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា
អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកគឺលោក ឡាយ ណារិទ្ធិ បានបដិសេធនៅចំពោះមុខចៅក្រមក្នុងសវនាការសាលាឧទ្ធរណ៍ថា ពួកលោកមិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា (ស្រីកំណាន់របស់លោក វណ្ណៈ) នោះទេ ដោយចាត់ទុកការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ១០ ទៅ ១៣ ឆ្នាំពីសំណាក់សាលាដំបូងរាជធានីភ្នំពេញថា ជារឿងអយុត្តិធម៌។
គួររំឭកថា លោក ឡាយ វណ្ណៈ ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធិ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទឃាតកម្ម។ ចំណែកអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ ឈ្មោះ ស ម៉ៃ និងអ្នកបម្រើម្នាក់ឈ្មោះ ជឹម វុធ ត្រូវចៅក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ២ឆ្នាំ ពីបទលាក់បាំងតម្រុយ៕