ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែងឋិតនៅលើកំណាត់ផ្លូវ ឌួង ងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី 3 ដែលគេឃុបឃិតបង្កើតឡើងយូរឆ្នាំមកហើយនោះ មកដល់ពេលនេះ នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងដដែល ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរដែនដី មិនអើពើក្នុងការលុបបំបាត់ទីតាំងល្បែងស៊ីសង និងជល់មាន់ភ្នាល់ដាក់លុយរាប់លាន ឬរាប់ពាន់ដុល្លារនេះឡើយ។
ទីតាំងបញ្ជល់មាន់ដ៏ធំនេះ ស្ថិតនៅលើកំណាត់ផ្លូវ ឌួង ងៀប ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី 3 ខណ្ឌមានជ័យ មានមនុស្សបីនាក់ ជាអ្នកនៅគ្រប់គ្រង គឺឈ្មោះ ឈឿន សុខលី ឈ្មោះ ខេ សាន់ និងម្នាក់ទៀតឈ្មោះ ម៉ាប់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងបនល្បែងខាងលើ បានបញ្ជាក់ថា បទល្មើសនេះស្ថិតនៅលើទឹកដីសង្កាត់ស្ទឹងមានជ័យទី 3 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ 3 តែលោកមិនចាត់ការទេយូរខែ ឆ្នាំមកហើយ ទើបគេដាក់ការសង្ស័យថា លោកមេប៉ុស្តិ៍ ទំនងជាមានជាប់ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងនៅទីនោះ ។
ប្រភពដដែលបញ្ជាក់ថា “ថាមិនត្រូវទេ ព្រោះកម្រិតនៃការភ្នាល់ល្បែងស៊ីសងមួយ ស៉ិចៗ រាប់លានរៀល ឬរាប់ពាន់ដុល្លារឯណោះ ” បើមិនសើមមាត់ខ្លះទេ ក៏មិនអាចបើកបានដោយងាយទល់ថ្ងៃនេះដែរ”។
ប្រភពបន្តថា ទំនងជាមានការឃុបឃិតគ្នា រវាងមេបនល្បែងនិងសមត្ថកិច្ចដូចពលរដ្ថចោទនោះមែនហើយ ទើបកន្លងមក មេបនល្បែងខាងលើ ក្រអឺតក្រទម អួតអាងពីអំណាចរបស់ខ្លួនក្នុងការបើកល្បែងស៊ីសងនៅទីនោះទៀតផង។ ប្រភពដដែលក៏បាននិយាយចំអកថា « ដល់អញ្ចឹងពេកទៅ អត់យល់ ! មិនដឹងថា គេទុកបនល្បែងស៊ីសងខាងលើនេះធ្វើអី ?
អធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា នារសៀលថ្ងៃទី១៣ ខែមីនា នេះ នៅមិនទាន់អាចទាក់ទងសុំការពន្យល់បាននៅឡើយទេ៕