ព័ត៌មានខ្លី សំខាន់ៗប្រចាំថ្ងៃ !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2020 ក+ ក-
បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ត្រូវធ្វើការងារនៅតាមផ្ទះ

ញូវយ៉ក ៖ ដើម្បីបន្ធូរបន្ថយការរីករាលដាលនៃវីរុស COVID-19 នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនាទីក្រុង New York លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ឲ្យបុគ្គលិកទាំងអស់ ឲ្យធ្វើការងារពួកគេពីផ្ទះមក ចាប់ពីថ្ងទី១៦ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ខាងមុខ។

លោក Antonio Guterres អះអាងថា “ការសម្រេចនេះ ដោយផ្អែកលើកិច្ចពិគ្រោះយោបល់ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមានប្រធានវេជ្ជសាស្រ្ត ខ្ញុំបានសម្រេចចិត្តបង្កើតវិធានការនៅទីស្នាក់ការកណ្តាល ដើម្បីបន្ធូរបន្ថយការរីករាលដាលនៃវីរុស COVID-19″ ។

សូមជម្រាបថា ថ្មីៗនេះ ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសក្នុងគ្រោះអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ក្រោយពលរដ្ឋអាមេរិក ចំនួន ​៤១នាក់ស្លាប់ និងជាង ១.៧០០នាក់ឆ្លងវីរុសកូវីដ៕

ចិន ប្រកាសបន្តជួយក្នុងប្រតិបត្តិការការពារទប់ស្កាត់វីរុសកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិន ធៀន (Wang Wen Tian) នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះអញ្ជើញបើកសមយុទ្ធនាគមាស ឆ្នាំ២០២០ នៅខេត្តកំពត បានអះអាងថា ចិននឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិបត្តិការការពារទប់ស្កាត់វីរុស កូវីដ-១៩ ខណៈនៅពេលថ្មីៗនេះរដ្ឋាភិបាលចិន បានផ្ដល់សម្ភារៈ បរិក្ខារមួយចំនួនដល់កម្ពុជារួចហើយ ដើម្បីការពារទប់ស្កាត់ វីរុសដ៏កាចសាហាវមួយនេះ។

សូមរំលឹកថា សម្ភារៈដែលភាគីចិន បានផ្ដល់ជូនកម្ពុជានាពេលថ្មីៗនេះ រួមមាន ៖ ថ្នាំសម្រាប់ធ្វើតេស្ដរកវីរុស កូវីដ-១៩ ចំនួន២.០០០ឈុត, អាវពេទ្យសម្រាប់ការពារ ចំនួន៥.០០០កំផ្លេ, ម៉ាសពេទ្យ N95 ចំនួន៥.០០០ម៉ាស និងម៉ាសពេទ្យធម្មតា ចំនួន ២០ម៉ឺនម៉ាស៕

បារាំង ប្រកាសបិទកន្លែងកម្សាន្ត ហាងទំនិញ និងស្នើពលរដ្ឋ៦៧លាននាក់ឲ្យបន្តនៅផ្ទះដើម្បីទប់ស្កាត់ COVID-19

ប៉ារីស ៖ វិបត្តិនៃការរាលដាល នៃ COVID-19 នៅក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ ហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា នឹងបិទជាបណ្តោះអាសន្ន។ លើសពីនេះ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ក៏បានប្រាប់ឲ្យប្រជាជនរបស់ខ្លួនប្រមាណ ៦៧លាននាក់ ឲ្យបន្តស្នាក់នៅផ្ទះផងដែរ ដើម្បីការពារសុវត្ថិភាពពីការរាលដាលនៃ COVID-19 ដ៏កាចសាហាវនេះ។

តាមរយៈសន្និសីទកាសែតមួយ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអះអាងថា រដ្ឋាភិបាលគ្មានវិធានការអ្វីផ្សេង ក្រៅពីបិទទីកន្លែងសាធារណៈ កន្លែងកម្សាន្ត នោះទេ បន្ទាប់ពី COVID-19 នៅបារាំងបានកើនដល់ជិត ៤.៥០០ករណី និងអ្នកស្លាប់មាន ៩១ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា៕

ក្រសួងអប់រំកម្ពុជា ប្រកាសជ្រើសរើសនិស្សិតទៅសិក្សាបច្ចេកវិទ្យានៅឥណ្ឌា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សាបច្ចេកវិទ្យាសម្រាប់ថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) រយៈពេល៥ឆ្នាំ។

សេចក្តីប្រកាសបានបញ្ជាក់ថា ការផ្ដល់ជូននេះ អាហារូបករណ៍នេះ ធ្វើឡើងនៅជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ ដើម្បីឲ្យនិស្សិតទាំងអស់អាចពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា មានមូលដ្ឋានគ្រឹះត្រឹមដែលអាចបង្កើនទំនាក់ទំនងរវាង កម្ពុជា ឥណ្ឌា រួមទាំងបណ្ដាប្រទេសដែលជាសមាជិកអាស៊ានផងដែរ។

និស្សិតដែលមានចាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ http://asean.iitd.ac.in ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០៕

កម្ពុជាបិទទិដ្ឋាការជនបរទេសមកពីអ៊ីរ៉ង់មួយទៀត ដើម្បីទប់ស្កាត់ covid 19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាជូនដំណឹងនៅថ្ងៃនេះថា «នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវ ការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ បន្ថែមលើប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលចេញប្រកាសថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០រួចមហើយ»។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ៕

មន្ត្រីជំនាញ កំពុងស្វែងរកខ្មែរឥស្លាមដែលចូលរួមពិធីសាសនានៅម៉ាឡេស៊ី ដើម្បីពិនិត្យសុខភាព

ក្រសួងសុខាភិបាល បញ្ជាក់ថា ពេលនេះ ក្រុមមន្ត្រីជំនាញសុខភាពកម្ពុជា កំពុងស្វែងរកបងប្អូនខ្មែរឥស្លាម ដែលបានទៅចូលរួមក្នុងពិធីសាសនានៅក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ដើម្បីពិនិត្យស្វែងរកមេរោគ កូវីដ.១៩។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា យើងមិនទាន់ទទួលព័ត៌មានពីបញ្ហាសុខភាពខ្មែរឥស្លាមទាំងនោះនៅឡើយទេ ហើយយើងកំពុងតាមរកគាត់បន្តទៀត»។

បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បង្ហាញថា ក្នុងពិធីបុណ្យសាសនាឈ្មោះ Masjid Sri Petaling នៅម៉ាឡេស៊ី កាលពីខែកុម្ភៈ មានអ្នកចូលរួម ១.៥២០នាក់ មកពី ២៧ប្រទេសផ្សេងគ្នា ក្នុងនោះមានកម្ពុជាចំនួន ៧៩នាក់៕

​កម្ពុជា រកឃើញករណីកូវីដ-១៩ លើជនជាតិបារាំងម្នាក់ កំពុងតាមដានសុខភាពនៅមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ លទ្ធផលជាស្ថានប៉ាស្ទ័រកម្ពុជា នៅម៉ោង ២រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះបង្ហាញថា បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំ មានវិជ្ជមានផ្ទុកវីរុស កូវីដ-១៩ ហើយប្រពន្ធ និងកូនរបស់គាត់ តម្រូវឲ្យរង់ចាំលទ្ធផលបន្តទៀត។ បច្ចុប្បន្នបុរសជនជាតិបារាំងអាយុ ៣៥ រូបនោះត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ បានប្រកាសអំពីការរកឃើញករណីកូវីដ- ១៩ ចំនួន១ករណីថែមទៀត នៅលើជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ដែលចេញដំណើរមកពីក្រុងប៉ារីស ចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី៕