បុណ្យទន្លេនៅខេត្តបាត់ដំបង៣ថ្ងៃមានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមជិត៣០ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏គ្មានអ្វីកើតឡើងគួរឱ្យ កត់សម្គាល់នោះឡើយ។

ក្នុងកម្មវិធីបិទព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីថ្ងៃទី១៥ ខែមីនានេះ ក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ មានល្ខោនរឿងប្រវត្តិភ្នំសំពៅ សិល្បៈរបាំមួយចំនួន ការដើរបង្ហាញម៉ូតអំពីក្រមាខ្មែរ និងការសម្ដែងសៀកកំប្លែងផងដែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏បានដើរទស្សនានៅតាមស្ដង់ពិព័រណ៍ ទទួលទានអាហារនៅតាមស្ដង់លក់ម្ហូបអាហារ និងការតាំងបង្ហាញផលិតផលនានានៅក្នុងបរិវេណរៀបចំពិធីបុណ្យ ចំណែកអ្នកមួយចំនួនក៏និយមថតរូបភាពជាមួយក្រុមគ្រួសារ មិត្តភក្តិជាដើម។ ក្រៅពីនេះមានការប្រគំតន្ត្រីចំនួន ២កន្លែងទៀតផងដែរ។

រយៈពេលបីថ្ងៃមកនេះ បុណ្យទន្លេបានទទួលវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១៣០០នាក់ ដោយនៅថ្ងៃទីមួយទទួលបានប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃទីពីរដែលជាថ្ងៃបើកពិធីបុណ្យជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១០ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង១៦ម៉ឺននាក់ទៀត៕