ភ្នំពេញ ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជានៅនិវេសនដ្ឋានឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីប្រតិបត្តិករ HALO Trust MAG និង អង្គការ NPA។
ក្នុងឱកាសនោះ លោកស្រី Tina Redshaw បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសនឹងផ្តល់ថវិកាចំនួន៤,៣លានដុល្លារអាមេរិក បន្ថែមជួយដល់កម្មវិធីសកម្មភាពមីនសកលទី២ (GMAP2) ក្នុងរយៈពេល១ឆ្នាំ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២១មុននឹងចាប់ផ្តើមបន្តកម្មវិធីសកម្មភាពមីនសកលទី៣ ឆ្នាំ២០២១ ។ លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា កម្ពុជា និងចក្រភពអង់គ្លេសមានបេសកកម្មរួមគ្នាក្នុងការចូលរួមសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបានចូលរួមជួយដល់ការងារបោសសម្អាតមីនចាប់តាំងពីឆ្នាំ១៩៩២ លើផ្ទៃដីជាង ១២២ គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ៧ ម៉ឺនគ្រាប់។ ទន្ទឹមនោះលោកទេសរដ្ឋមន្រ្តីក៏បានស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងគ្មានមីនឆ្នាំ២០២៥៕