ខេត្តស្វាយរៀង៖ ក្រុមការងារចម្រុះកម្ពុជា-វៀតណាម ភាគីកម្ពុជាដឹកនាំដោយលោក ឡុង វិសាលោ និងភាគីវៀតណាមដឹកនាំដោយលោកង្វៀន អាញ់ យុង បានចុះទៅពិនិត្យតំបន់ព្រំដែន ដែលមានការប៉ះទង្គិចគ្នារវាងក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋវៀតណាម នៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ ។
អ្នករាយការណ៍ព័ត៌មានខេត្តស្វាយរៀងបានដកស្រង់សំដីអនុប្រធានទទួលបន្ទុកកិច្ចការទូទៅ នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនលោកស្រី កុយ ពិសី ថានៅថ្ងៃទី ១៦កក្កដានេះ គណប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេសលោក ឡុង វិសាលោ និងពីគណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការព្រំដែននៃក្រ សួងការបរទេសវៀតណាម លោក ង្វៀន អាញ់ យុង បានចុះទៅពិនិត្យស៊ើបអង្កេតករណីប៉ះទង្គិចគ្នាដោយហិង្សានៅជិតបង្គោលព្រំដែនលេខ ២០៣ និង២០៤ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ ។
ប្រភពព័ត៌មានបានបន្តថា ចំពោះលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ គឺរង់ចាំក្រុមការងារគណៈកម្មការចម្រុះកម្ពុជា និងវៀតណាម កំពុងធ្វើការពិនិត្យឲ្យបានល្អិតល្អន់សិនទើបអាចប្រជុំវាយតម្លៃ ។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍ហិង្សាថ្ងៃទី២៨មិថុនានោះ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់ និងអ្នកតំណាងរាស្ត្រសង្គ្រោះជាតិម្នាក់ឈ្មោះ រៀល ខេមរិន្ទ ផងដែរ បានរងការវាយយ៉ាងដំណំ ។ចំណែកខាងប្រជាពលរដ្ឋវៀតណាម ក៏មានអ្នករងរបួសចំនួន ៨នាក់ដែរ ។បន្ទាប់មកនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការស្រាវជ្រាវហេតុការណ៍ដែលនាំឲ្យកើតមានអំពើហិង្សានៅបង្គោលព្រំដែនលេខ២០៣ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នេះដែរ ក៏ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់នៅឡើយទេ ៕ដោយ៖រដ្ឋា